ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​របស់ក្រសួងអប់រំ យុវជន និងកីឡាដែលបានឱ្យវិស័យអប់រំនៅកម្ពុជាមានការ​លូតលាស់ជាបន្តបន្ទាប់

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) បានកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះការ​ខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានឱ្យវិស័យអប់រំនៅកម្ពុជាមានការលូតលាស់ជាបន្តបន្ទាប់ ជាពិសេសទៅ​លើការធ្វើកំណែទម្រង់« អ្នកចេះ គឺជាប់»។ ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី​ក្នុងកម្មវិធីថ្លែងអំណរគុណ ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមការងារបច្ចេកទេស មកពីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងដៃគូសហការពាក់ព័ន្ធ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានចូលរួមក្នុងការរៀបចំផលិតមាតិកាក្នុងកម្មវិធី MoEYS E-Learning។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមការងារបច្ចេកទេស មកពីសាលា​រៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និង​ដៃគូសហការ រួមមានមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានរួមចំណែកយ៉ាងសំខាន់​ក្នុងភាពជោគជ័យ​របស់ MoEYS E-Learning។

សូមជម្រាបជូនថា ក្រោមកិច្ចសហប្រតិបិត្តការរវាងក្រសួងអប់រំយុវជន យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា MoEYS E-Learning App បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១។ ក្នុងរយៈពេល ៣ ខែកន្លងទៅនេះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេសសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានខិតខំប្រឹងប្រែងចងក្រង និងផលិតវីដេអូ​សិក្សាគ្រប់មុខវិជ្ជាសម្រាប់កម្រិតថ្នាក់ទី១២ ចំនួន៦១២ វីដេអូ ដើម្បីឱ្យសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ អាចសិក្សា និងរំលឹកមេរៀនបន្ថែមបាន ៕

ដោយ៖ពលជ័យ

ads banner