មូលនិធិរូបិយវត្ថុអន្តរជាតិ៖ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមាន “កំណើនប្រមាណ ៥,៣ ភាគរយ ក្នុងឆ្នាំ២០២៣ នេះ
ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាថា មាន “កំណើនប្រមាណ ៥,៣ ភាគរយ ក្នុងឆ្នាំ ២០២៣ នេះ ដែលគាំទ្រដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងវិស័យសេវាកម្មនានា រួមផ្សំនឹងកំណើនប្រសើររឹងមាំនៃការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ បើទោះបីជាការនាំចេញផលិតផលកាត់ដេរមានភាពថមថយ ស្របពេលវិស័យសំណង់ និងអចលនទ្រព្យ នៅមានកំណើនយឺតក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោក Davide Furcer ប្រធានក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ នៅក្នុងកិច្ចប្រជុំបូកសរុប “លទ្ធផលនៃការវាយ តម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា សម្រាប់ឆ្នាំ ២០២៣ និង ២០២៤” ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។
ក្នុងកិច្ចប្រជុំបង្ហាញថា អត្រាអតិផរណាត្រូវបានវាយតម្លៃថា នឹងថមថយក្នុងអត្រា ២,៣ ភាគរយ ជាមធ្យមសម្រាប់ឆ្នាំ២០២៣, ហើយនឹង វិលទៅរកនិន្នាការរយៈពេលវែងវិញក្នុងអត្រា ៣, ០ ភាគរយ ក្នុងឆ្នាំ ២០២៤ ដោយសារភាពស្រាកស្រាន្តនៃកត្តាតម្លៃទំនិញ ។ ចំណែកឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងរួមតូចមកត្រឹម -២,១ភាគរយ នៃកំណើនផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៣ ដោយសារការថយចុះនូវការនាំចូលមាស ការងើបឡើងវិញនៃរំហូរទេសចរណ៍ និង កំណើនរឹងមាំនៃការនាំចេញ ផលិតកម្មកម្មន្តសាលមិនមែនកាត់ដេរ ។ បើទោះបីជាសន្ទុះនៃកំណើនសេដ្ឋកិច្ច ឆ្នាំ ២០២៣ នៅល្អក្តី, ហានិភ័យចម្បង មួយចំនួនក៏មាននឹងអាចជះឥទ្ធិផលដល់កំណើននេះ ដែលរួមមានដូចជា ១.ភាពកាន់តែថមថយនូវតម្រូវការពីដៃគូ ពាណិជ្ជកម្មប្រទេសអភិវឌ្ឍន៍, ២. ផលជះឥទ្ធិពលនៃភាពថមថយសេដ្ឋកិច្ចចិន, ៣. ឥទ្ធិពលលើសពីការរំពឹងទុកនៃការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាម៉េរិក ៤ការកើនឡើងសម្ពាធបំណុល និង ៥. ការបន្តនូវភាពបែក ខ្ញែកទីតាំងភូមិសាស្ត្រសេដ្ឋកិច្ច-នយោបាយ ។
ជាមួយគ្នានេះ ក្រុមបេសកកម្ម Article IV ក៏បានផ្តល់អនុសាសន៍វិធានការ និងគោលនយោបាយចាំបាច់មួយ ចំនួន ជាពិសេសគោលនយោបាយចម្រុះ (policy mix) រវាង គោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ និង អត្រាប្តូរប្រាក់, និង ការកែទម្រង់ជារចនាសម្ព័ន្ធ (structural reforms) ។ ក្នុងន័យនេះ, ការដាក់ចេញ និងធានានូវការ អនុវត្តប្រកបដោយប្រសិទ្ធភាព និងតុល្យភាពនៃវិធានការអន្តរាគមន៍ រួមទាំងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល សំដៅលើកស្ទួយជីវភាពប្រជាជន ក៏ដូចជាសង្គម-សេដ្ឋកិច្ច ខណៈសេដ្ឋកិច្ចហ៊ុមព័ទ្ធទៅដោយហានិភ័យនេះ គឺកាន់តែមាន សារៈសំខាន់សម្រាប់ការបន្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យវិលទៅរកកំណើនសក្តានុពលវិញ ។
សម្រាប់រយៈពេលមធ្យមខាងមុខ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៦,៥ភាគរយ ប៉ុន្តែលទ្ធភាពនៃការសម្រេចបាននូវកំណើនសក្តានុពលនេះ គឺចាំបាច់ត្រូវពឹងផ្អែកលើការពង្រឹង និងពន្លឿនការងារកែទម្រង់ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការវាយតម្ល របស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយកត់សម្គាល់ពី កម្រិតស្រដៀងគ្នានៃការវាយតម្លៃតួលេខកំណើនជារួម ក្នុងឆ្នាំ ២០២៣ និងរយៈពេលមធ្យមខាងមុខ និងបានគូស បញ្ជាក់អំពីបញ្ហាប្រឈម និងហានិភ័យនៃសេដ្ឋកិច្ចសកលនាបច្ចុប្បន្ន និងរយៈពេលខាងមុខ ដែលតម្រូវឱ្យមានការតាម ដានជាប្រចាំ សំដៅឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលយ៉ាងឆាប់រហ័សនេះ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិង កំពុងដើរលើមាគ៌ដ៏សមស្របមួយ តាមរយះការបន្តដាក់ចេញ និងអនុវត្តវិធានការអន្តរាគមន៍ ក៏ដូចជាគោលនយោបាយគាំទ្រផ្សេងៗយ៉ាងហ្មត់ចត់ សំដៅកាត់បន្ថយផលប៉ះពាល់ដែលនៅបន្សល់ពីវិបត្តិជំនីកូវីដ-១៩ ផង ក៏ដូចជាហានិភ័យ និង បញ្ហាប្រឈមដែលបណ្តាលមកពីភាពមិនអំណោយផលនៃកត្តាភូមិសាស្ត្រនយោបាយផង ឱ្យសម្រេចបាននូវប្រសិទ្ធភាពក្នុងកម្រិតអតិបរមា សំដៅធានានូវការងើបឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច ។ រាជរដ្ឋាភិបាលក៏កំពុងពង្រឹងគោលនយោបាយសារពើពន្ធ ដោយពង្រឹងប្រសិទ្ធភាពថវិកា ដោយបន្តអនុវត្តកៀរគរចំណូលឱ្យប្រសើរឡើង, ពង្រឹងវិស័យ និង ប្រសិទ្ធភាពចំណាយ និងបន្តភាពប្រុងប្រយ័ត្នលើការគ្រប់គ្រងបំណុល ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ IMF ដែលបានផ្ដល់អនុសាសន៍ ល្អៗសម្រាប់ជាធាតុចូលដ៏មានសារ´សំខាន់គាំទ្រដល់ការគណនាកំណើនផលិតផលក្នុងស្រុកសរុបផ្អែកលើឆ្នាំគោលថ្មី(២០១៤),ការរៀប ចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (NTFF) និងការរៀបចំគោលនយោបាយផ្សេងៗទៀតឱ្យកាន់តែប្រសើរឡើងបន្ថែមលើ ការគិតគូរប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងច្បាស់លាស់ពីរាជរដ្ឋាភិបាលលើការអនុវត្តគោលនយោបាយអន្តរាគមន៍ខ្លី មធ្យម និងវែង ។
ជាមួយគ្នានេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ IMF ដែលតែងតែផ្តល់ជាជំនួយបច្ចេកទេស និងពង្រឹងសមត្ថភាព ដល់មន្ត្រីបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាគាំទ្រដល់សកម្មភាពសង្គម-សេដ្ឋកិច្ច រួមចំណែកតម្រង់ទិស និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕ ដោយ៖ ពលជ័យ