កម្ពុជា និងសារមន្ទីរសហរដ្ឋអាមេរិក ចុះអនុស្សរណៈលើការអភិរក្សបេតិកភណ្ឌ និងការស្រាវជ្រាវ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរដ៏ល្បីរបស់សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ ប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់នៃវត្ថុបុរាណខ្មែរ និងជំរុញការលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកនៃសារមន្ទីរ។

ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តឡើងក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកផាទ្រិក មួរហ្វី( W. Patrick Murphy) និងលោក Chase Robinson នាយកសារមន្ទីរជាតិ សិល្បៈអាស៊ី Smithsonian កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាថ្ងៃទី៣១ ខែតុលា បានឱ្យដឹងថា អនុស្សរណៈនេះ កំណត់គោលដៅជាក់លាក់ ក្នុងការលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកនៃសារមន្ទីរ តាមរយៈកម្មវិធីផ្លាស់ប្តូរគ្នា សម្របសម្រួលលើការផ្តល់ប្រឹក្សាស្តីពីការគ្រប់គ្រងសារមន្ទីរ ការផ្តល់កម្ចី និងការផ្លាស់ប្តូរវត្ថុតាំង និងវត្ថុដទៃទៀត រួមនឹងការសហការគ្នាលើការស្រាវជ្រាវផងដែរ។អនុស្សរណៈនេះក៏នឹងពង្រឹងផងដែរ នូវការសហការគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ នៃវត្ថុបុរាណខ្មែរ។

សេចក្តីប្រកាសបញ្ជាក់ថា ៖ «នេះជាការបង្ហាញឱ្យឃើញមួយទៀត នៃកិច្ចសហប្រតិបត្តិការរឹងមាំផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយរួមទាំងការខិតខំក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ និងកាត់បន្ថយការលួចប្លន់នៃវត្ថុបូរាណដែលមានតម្លៃកាត់ថ្លៃមិនបាន»។

គួរជម្រាបថា សហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលលើការបញ្ជូនប្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណដែលមានតម្លៃកាត់ថ្លៃមិនបានចំនួនជាង ១០០ ដុំ ហើយបានរួមចំណែកជាថវិកា និងផ្តល់ការបណ្តុះប ណ្តាលក្នុងការកាពារ អភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា នៅក្នុងរយៈពេល២០ ឆ្នាំមកនេះ។

នៅក្នុងពិធីនោះដែរ លោក Murphy បានមានប្រសាសន៍ថា ៖ «ប្រទេសយើងទាំងពីរមើលឃើញតម្លៃនៃវប្បធម៌ ក្នុងការបង្រួបបង្រួមប្រជាជន ហើយបណ្តុះគំនិតមោទនភាពលើអត្តសញ្ញាណ និងបេតិកភណ្ឌ។ កិច្ចព្រមព្រៀងនេះស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការអភិរក្សវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា»។

ជាមួយគ្នានោះដែរ លោកជំទាវ ភឿង សកុណា ក៏បានថ្លែងដែរថា ៖ «យើងមានក្តីរំភើបរីករាយក្នុងការធ្វើជាដៃគូជាមួយស្ថាប័ន Smithsonian ដើម្បីធ្វើការជាមួយគ្នា ដើម្បីការអភិរក្ស ការបណ្តុះបណ្តាលធនធានមនុស្ស និងការនិទានរឿងរ៉ាវពីបេតិកភណ្ឌវប្បធម៌របស់យើង ដើម្បីបង្ហាញទៅកាន់ពិភពលោក»។

ចំណែកលោក Chase Robinson បានលើកឡើងថា អនុស្សរណៈ នេះ ជាកិច្ចសន្ទនា និងកិច្ចសហការគ្នាបន្តថានឹងរៀនសូត្រពីគ្នា តាមរយៈសកម្មភាពផ្លាស់ប្តូរគ្នា ដោយបើកចំហ និងបញ្ជាក់ថាការស្រាវជ្រាវ និងការចែករម្លែកចំណេះដឹងនឹងត្រូវបានពង្រីកបន្ថែម។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល គិតតាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួន ៦ លានដុល្លារ សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា ដែលរួមមានអំណោយថវិកាសម្រាប់ជួសជុលប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង ការជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ធ្វើបញ្ជីសារពើពន្ធតាមប្រព័ន្ធឌីជីថលនៃនៅសារមន្ទីរតាមខេត្ត ហើយបង្កើតកម្មវិធីដែលធ្វើឱ្យមានការយល់ដឹងក្នុងចំណោមសាធារណជន លើការការពារបេតិកភណ្ឌវប្បធម៌ជាដើម៕ ដោយ៖ សុខ រក្សា

ads banner