សេតវិមានថា លោក បៃដិន មានបំណងពិភាក្សាក្នុងន័យស្ថាបនាជាមួយលោក ស៊ី

វ៉ាស៊ីនតោន៖ សេតវិមាន នៅថ្ងៃអង្គារសប្តាហ៍នេះ និយាយថា មេដឹកនាំអាមេរិក និងចិន ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នាខែវិច្ឆិកានេះ ដើម្បីធ្វើកិច្ចពិភាក្សាក្នុងន័យស្ថាបនា។

លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយអំពីកិច្ចពិភាក្សាដែលទន្ទឹងរង់ចាំជាយូរមកហើយថា យើងមានបំណងចង់ឱ្យមានការសន្ទនាក្នុងន័យស្ថាបនា នៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំអាមេរិក-ចិននៅក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកានេះ។លោកស្រីបន្ថែមថា នោះជាអ្វីដែលនឹងកើតឡើងនៅក្នុងខែវិច្ឆិកា… យើងកំពុងរៀបចំឱ្យមានការសន្ទនាក្នុងន័យស្ថាបនានៅសាន់ ហ្វ្រាន់ស៊ីស្កូ… ខ្ញុំគិតថា… ខ្ញុំទើបតែទទួលបានការបញ្ជាក់ពីវា។

បន្ទាប់ពីប្រមុខការទូតកំពូលចិន លោក វ៉ាង យី ជួបជាមួយមន្រ្តីជាន់ខ្ពស់អាមេរិកកាលពីសប្តាហ៍មុន សេតវិមានបានបញ្ជាក់ថា ភាគីទាំងពីរបាននឹងកំពុងធ្វើការរួមគ្នា ឆ្ពោះទៅរកកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ។ទោះបីជាយ៉ាងណា លោក វ៉ាង បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ផ្លូវឆ្ពោះទៅរកកិច្ចពិភាក្សារវាងលោក ស៊ី និងលោក បៃដិន នៅមិនទាន់រលូននៅឡើយទេ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក បានជួបភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំ ខណៈដែលប្រទេសទាំងពីរប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើសពីនេះ ជាពិសេសនៅពេលដែលចិនជំរុញកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយការត្រួតត្រារបស់សហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner