សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សុខភាព និងសមត្ថភាពពលរដ្ឋ ជា អាទិភាពដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំង
កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ជាអាទិភាពដែលរាជ រដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំង ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្តេចធិបតី បានមានប្រសាសន៍ថា តម្រូវការរបស់ប្រជាជនមិនមែនត្រឹមតែ ៤ឆ្នាំទៅមុខទេ រាជរដ្ឋាភិបាល ត្រូវផ្តល់ការជួយប្រជាពលរដ្ឋទៅមុខរហូត អ្វីដែលសំខាន់យើងត្រូវដោះស្រាយជាជំហានៗ ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង យើងត្រូវក្ដាប់ឲ្យជាប់ពីតម្រូវការរបស់ប្រជាជន »។
សម្តេច ថា ជាក់ស្ដែង សុខុមាលភាពរបស់បងប្អូន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់កាន់តែប្រសើរ តាមរយៈការបន្តការដំឡើងប្រាក់ឈ្នួល ការផ្តល់ព្យាបាលជំងឺដោយមិនមានការបង់ថ្លៃ ប.ស.ស របបសោធននិវត្តន៍ ជាដើម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ ហើយកម្មវីធីទី១ និងទី២ គឺផ្ដោតទៅលើការផ្ដល់យកចិត្តទុកដាក់ដល់សុខភាពជូនប្រជាពលរដ្ឋឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល និងការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឲ្យមានជំនាញដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នឹងផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ និងប្រយោល បន្ថែមលើអត្ថប្រយោជន៍នាពេលបច្ចុប្បន្ន ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ