ការសិក្សាជំនាញបច្ចេកទេសសម្រាប់ពលរដ្ឋក្រីក្រ នឹងទទួលបាន ថវិកាប្រចាំខែ ខណៈពេលរៀនចប់ ក៏ត្រូវធានាថា ចេះ និងមានការងារធ្វើ
ភ្នំពេញ៖ សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាល បានត្រៀមថវិការាប់រយលានដុល្លារ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស សម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងទទួលបាននូវប្រាក់ខែថែមទៀត តែ ក្រោយពេលរៀនចប់ ត្រូវធានាថា ចេះ និងមានការងារធ្វើ ។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្ដេចធិបតី បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេស បានផ្ដល់នូវប្រយោជន៍ជាច្រើន តែមិនត្រឹមតែផ្ដល់នូវចំណេះជំនាញសម្រាប់ប្រជាពលរដ្ឋទេ ថែមទាំងឲ្យពួកគេរួចផុតពីភាពក្រីក្រផងដែរ ព្រោះពលរដ្ឋក្រីក្រដែលមានប័ណ្ណ នឹងត្រូវផ្ដល់ថវិកាប្រចាំខែបន្ថែម ២៨ម៉ឺនរៀល។
សម្ដេចថា នាពេលខាងមុខ សម្ដេចនឹងអញ្ជើញបើកជាផ្លូវការនូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងជំរុញទៅដល់បងប្អូនកម្មករកម្មការិនីឲ្យចុះឈ្មោះចូលរៀននៅវគ្គបណ្ដុះបណ្ដាលនេះផងដែរ។
ជាមួយគ្នានោះដែរ សម្ដេចនាយករដ្ឋមន្ត្រី បានប្រាប់ទៅក្រសួងការងារ ធ្វើយ៉ាងណាធានានូវការសិក្សាបច្ចេកទេសមួយ ចប់ សិក្ខាកាមមានចំណេះដឹង រួមទាំងមានការងារធ្វើផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទ្រឹស្ដីត្រូវព្រមជាមួយនឹងការអនុវត្តហើយត្រូវផ្ដោតទៅលើការអនុវត្តឲ្យច្រើន ។ ជាមួយគ្នានេះ ការសិក្សា ក៏ត្រូវព្រមមកជាមួយនឹងឥរិយាបថ និងសីលធម៌ផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ