អង្ករ ស កម្ពុជាជើងដំបូង ជាងបីពាន់តោនបានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកានេះ ថា បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេចនៅក្នុងខែសីហាឆ្នាំ២០២៣ អង្កររបស់កម្ពុជាបានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ។ ពិធីបើកកុងតឺន័របានរៀបចំធ្វើជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
អង្ករ ស កម្ពុជាជើងទី១ បានទៅដល់ទឹកដីឥណ្ឌូនេស៊ី ចំនួន ៣ ៥០០តោន និង បន្តដឹកជញ្ជូនចំនួន ២ជើងបន្ថែមទៀតសរុប ១០,០០០តោន ។
តាមសារអេឡិចត្រូនិកលើបណ្ដាញសង្គមតេឡេក្រាម កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ថា នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេចតាមរយៈការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានិងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។
អ្នកនាំពាក្យដដែលបន្ថែមថា កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និង សុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ៕