ខែវិច្ឆិកា ដល់រដូវទស្សនាសត្វផ្សោត ដែលជាសត្វដ៏កម្រនៅ ខេត្តកោះកុង
ខេត្តកោះកុង៖ រៀងរាល់ឆ្នាំនៅពេលឈានចូល ខែវិច្ឆិកា ដល់ខែមេសា សត្វផ្សោតជាច្រើនក្បាលតែងចេញមកប្រមាញ់ រកចំណី យ៉ាងសប្បាយរីករាយ ហើយនាឱកាសនោះដែរ អ្នក ទេសចរ ក៏អាចមកកម្សាន្តដើម្បីទស្សនាសត្វដ៏កម្រនេះ នៅក្នុង សហគមន៍តំបន់ ការពារធម្មជាតិពាមក្រសោប នៃដែន ជម្រក សត្វព្រៃពាមក្រសោប ក្នុងភូមិសាស្រ្តខេត្តកោះកុង ។
សត្វផ្សោតសមុទ្រដែលត្រូវបានគេរកឃើញនាកន្លងមកនោះមានចំនួនច្រើនជាង ៥០០ក្បាល នៅដែនជម្រកសត្វព្រៃពាមក្រសោប ដែល ពួកវាកំពុងរស់នៅនៅយ៉ាងសុខុដុម នៅសមុទ្រ ក្នុងទឹកដីខេត្តកោះកុង ប្រទេសកម្ពុជា ។
លោក រ៉េត សុខនីម អនុប្រធានមន្ទីរខេត្តកោះកុង បានឱ្យដឹងនៅ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ៖សត្វផ្សោតដែលមានវត្តមាននៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃពាម ក្រសោបនេះ មានចំនួន ៣ប្រភេទ គឺ សត្វផ្សោតទន្លេ ឬហៅថា ផ្សោតក្បាលត្រងោល សត្វផ្សោតឥតព្រុយខ្នង និងសត្វផ្សោតឃ្លៀច ។
បើតាមរយៈការសិក្សាស្រាវជ្រាវ កាលពីអំឡុងឆ្នាំ២០១៨ គេឃើញវត្តមានសត្វផ្សោតចំនួនប្រមាណជាង ៥០០ក្បាល។
លោក រ៉េត សុខនីម បន្តថា៖ ”សត្វផ្សោតដែលសម្បូរជាងគេនៅកោះកុងនេះ គឺសត្វផ្សោតទន្លេ ឬហៅថា ផ្សោតក្បាលត្រងោល និងសត្វផ្សោតឃ្លៀច ឯសត្វផ្សោតឥតព្រុយខ្នងមានចំនួនតិចតួចទេ ហើយសត្វផ្សោតប្រភេទនេះច្រើនរស់នៅទឹកជ្រៅ ហើយវាក៏ជាសត្វកម្របំផុតក្នុងពិភពលោកយើងនេះដែរ” ។
លោក រ៉េត សុខនីម បន្តទៀតថា៖ ចំពោះទីជម្រកសត្វផ្សោតទាំងនេះនៅតំបន់ឆ្នេរ និងសមុទ្រ ក្នុងខេត្តកោះកុង ប្រទេសកម្ពុជា និងមួយចំនួនទៀត នៅខេត្ត ត្រាតប្រទេសថៃ ។ នៅខេត្តកោះកុង សត្វផ្សោតទាំងនេះវាច្រើនរស់នៅក្នុងលំហដែនទឹកនៅជាប់ពីខាងក្រៅ នៃពាមផ្លូវទឹកដែលស្ថិតនៅក្នុង និងជុំវិញ ដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង ពោលគឺមាននៅឃុំកោះកាពិ ឃុំបាក់ខ្លង ឃុំពាមក្រសោប និងសង្កាត់ដងទង់ ។
លោកបានធ្វើការពន្យល់ជុំវិញសត្វផ្សោតទាំងនេះដែរថា៖ ចាប់ពីចុងខែវិច្ឆិកា រហូតដល់ ចុងខែមេសា គឺសត្វផ្សោតតែងចេញមក ដោយសារកត្តាសំខាន់ៗមានដូចជា ៖ទី១ ពាក់ព័ន្ធនឹងជីវសាស្រ្តទឹក ទី២ ចំណីអាហារ ,ទី៣ ពាក់ព័ន្ធនឹងលំហូរទឹកនាជ និងទឹកជោរ ដែលតំបន់នេះមានទឹក លំហូរ ចុះលំហូរឡើងធ្វើឱ្យសម្បូរចំណី និង ទី៤ ទាក់ទិនការមិនបំពុលទឹក ព្រោះ ផ្សោត កាលណាបើមានការបំពុលទឹកគឺវានឹងអវត្តមានហើយ ។ អញ្ចឹងមានន័យថាទីកន្លែងយើងនេះពុំមានបំពុលទឹកទេពោលគឺមិនដូចនៅកន្លែងផ្សេងឬប្រទេសផ្សេងទៀតនោះឡើយ ។
ទាក់ទិនទៅនឹងសត្វផ្សោតនេះ លោក វង្ស តារា អនុប្រធាន តំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្តកោះកុង បានអំពាវនាវឱ្យ អ្នកទេសចរ ចូលកម្សាន្តនៅសហគមន៍របស់លោក ដើម្បីទស្សនាសត្វផ្សោតសមុទ្រ ពីព្រោះថា រៀងរាល់ដល់ ខែវិច្ឆិកា ដល់ខែកុម្ភៈ ដល់ ខែមេសា គឺជារដូវបង្ហាញខ្លួនរបស់សត្វផ្សោតជាច្រើនក្បាលនៅសហគមន៍របស់លោក ។ ពួកវាតែងមុជងើបពីក្នុងទឹក និងប្រលែងប្រដេញគ្នាស្ទើររៀងរាល់យប់ថ្ងៃ ដែលជាទស្សនីយភាពមួយគួរជាទីគយគន់ពេកណាស់ ។ បើភ្ញៀវទេសចរ ប្រាថ្នាចង់ឃើញសត្វដ៏កម្រនេះ ដោយផ្ទាល់ភ្នែក អាចទស្សនានៅសហគមន៍ ចាប់ពីខែវិច្ឆិកានេះបានហើយ ។
លោក វង្ស តារា ក៏បានឱ្យដឹងដែរថា នៅសហគមន៍របស់លោកមានទីកម្សាន្ត ជាច្រើនកន្លែងទៀតដូចជាជិះទូកមើលព្រៃកោងកាង ទស្សនាទេសភាពដ៏ស្រស់ត្រកាលើផ្ទៃសមុទ្រ ទស្សនាកោះតូចធំ ស្ទូចត្រី និងពិសេសកម្សាន្តរមណីយដ្ឋានទេសចរធម្មជាតិពាមក្រសោបដែលក្រៅពីមានទីកន្លែងអង្គុយលេង ទស្សនាព្រៃកោងកាង និងផ្សារ ហើយនៅមានអាហារពិសេសៗប្រចាំសហគមន៍ដូចជា គ្រុំចំពុះទា ក្តាម បង្កង ដែលសុទ្ធសឹងជាអាហារមានឱជារសឈ្ងុយឆ្ងាញ់រង់ចាំអ្នកទេសចរគ្រប់ពេលវេលា ៕
ដោយ៖ម៉ាដេប៉ូ
(FB-TT)