ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញដល់អង្គភាព ច្រកចេញ ចូលតែមួយយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ជូនប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន
(ខេត្តបាត់ដំបង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងក្នុងខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់រយៈពេល១០ខែ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ អង្គភាព ច្រកចេញចូលតែមួយខេត្តបាត់ដំបង បានផ្តល់សេវាជូនប្រជាពលរដ្ឋ ចំនួន ៤២.២៣៣ ក្នុងនោះ វិស័យចំនួន៣ មានការស្នើសុំសេវា និងប្រមូលចំណូលបានច្រើនជាងគេ គឺ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , វិស័យសាធារណការ និងដឹកជញ្ជូន ការងាររដ្ឋបាល និង វិស័យរបស់បណ្ដាមន្ទីរផ្សេងៗទៀត ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា ច្រកចេញចូលតែមួយជាអាទិភាពមួយដែល សម្ដេចធបិតីនាយករដ្ឋមន្ត្រី ផ្ដោតការយកចិត្តដាក់។ ដូច្នេះ ឯកឧត្ដម ជំរុញលើកទឹកចិត្ត ដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយផ្ទាល់ គប្បីយកចិត្តទុកដាក់ក្នុងប្រតិបត្តិការរបស់ខ្លួនជាអ្នកផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ក៍បានស្នើរដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយ បន្តសិក្សាស្រាវជ្រាវដកស្រង់បញ្ហាដែលនៅមានចន្លោះខ្វះខាតនានាដើម្បីរកមូលហេតុដែលនាំឱ្យមាន ភាពរអាក់រអួលក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏នឹងបន្តសិក្សារួមគ្នាជាមួយក្រសួងស្ថាប័នផ្សេងៗ ដើម្បីស្វែងរកឱ្យឃើញថា នៅមានសេវាអ្វីខ្លះទៀត ដែលគួរទម្លាក់ទៅថ្នាក់ក្រោមជាតិ សំដៅបន្តផ្ដល់ ជូនតាមតម្រូវការរបស់ព្រជាពលរដ្ឋ ៕
ដោយ-រ៉ាវុធ