អង្គការសុខភាពពិភពលោក (WHO) អំពាវនាវសុំជំនួយផ្នែកវេជ្ជសាស្រ្តបន្ទាន់ ដើម្បីសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់នៅហ្គាហ្សា

ហ្គាហ្សា៖ អង្គការសុខភាពពិភពលោក (WHO) អំពាវនាវជាបន្ទាន់ ដើម្បីបញ្ជូនជំនួយមនុស្សធម៌បន្ទាន់ ដែលក្នុងនោះរួមមានប្រេងឥន្ធនៈ ទឹកបរិភោគ ស្បៀងអាហារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទី្រប។

លោក Richard Peeperkorn អ្នកតំណាងអង្គការសុខភាពពិភពលោក (WHO) នៅក្នុងទឹកដីប៉ាឡេស្ទីន និយាយថា យើងបានបង្កើតឃ្លាំងមួយភ្លាមៗ ហើយក្រុមការងារកំពុងធ្វើការ ទោះបីសន្តិសុខរបស់ពួកគេរងហានិភ័យ ក្នុងការផ្គត់ផ្គង់ជំនួយផ្នែកវេជ្ជសាស្រ្តសង្គ្រោះជីវិតមនុស្សដល់មន្ទីរពេទ្យនៅហ្គាហ្សា

លោកបន្តថា ការផ្គត់ផ្គង់ជំនួយផ្នែកវេជ្ជសាស្រ្តរបស់អង្គការសុខភាពពិភពលោក (WHO) ដែលដឹកចូលតាមរយៈច្រកព្រំដែនតំបន់រ៉ាហ្វា ត្រូវបានចែកចាយភ្លាមៗទៅកាន់មន្ទីរពេទ្យចំនួន ៧ នៅទូទាំងតំបន់ហ្គាហ្សា។ ប៉ុន្តែជាអកុសល ការផ្គត់ផ្គង់ជំនួយចាំបាច់ទាំងនេះ គឺគ្រាន់តែជាការចាក់ទៅក្នុងសមុទ្រនៃតម្រូវការប៉ុណ្ណោះ។

ហេតុដូច្នេះហើយ អង្គការសុខភាពពិភពលោក (WHO) អំពាវនាវសុំជំនួយមនុស្សធម៌បន្ទាន់ ដែលក្នុងនោះរួមមានទាំងប្រេងឥន្ធនៈ ទឹកបរិភោគ ស្បៀងអាហារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តចូលទៅក្នុង និងទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។

សូមជម្រាបផងដែរថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើតំបន់ហ្គាហ្សា ចាប់តាំងពីខ្មាន់កាំភ្លើងក្រុមហាម៉ាសវាយប្រហារព្រំដែនថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១,៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងចាប់ជំរិតយ៉ាងហោចណាស់ ២៤០នាក់ផ្សេងទៀត រួមទាំងកុមារផងដែរ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។

ចំណែកក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា មនុស្សជិត ៨,៨០០នាក់ត្រូវបានសម្លាប់ ក្នុងនោះមានកុមារ ៣,៦០០នាក់ និងជាង ២២,០០០នាក់ទៀតរងរបួស ចាប់តាំងពីសង្គ្រាមជាមួយអ៊ីស្រាអែលផ្ទុះឡើង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner