ADB គាំទ្រលើការងារអាទិភាពនៃយុទ្ធសាស្រ្តចក្រា របស់ ក្រសួងបរិស្ថាន

(ភ្នំពេញ)៖ លោកស្រី ជូសាណា វាម៉ា(Jyotsana Varma) បានលើកឡើងពីការប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រសួងបរិស្ថាន ជាពិសេសគាំទ្រដល់គំនិតផ្តួចផ្តើមនៃអាទិភាព គឺ ភាពស្អាត ភាពបៃតង និង ចីរភាព នៅក្នុងជំនួបសំដែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

លោកស្រី ជូសាណា វាម៉ា(Jyotsana Varma) បន្តថា អាទិភាពចម្បងៗរបស់ក្រសួងបរិស្ថាន បានទាញការចាប់អារម្មណ៍ ដូចជាចម្រៀងដែលកំពុងតែឮ ក្នុងត្រចៀកយ៉ាងពីរោះរន្តំ ។ ADB នឹងបន្តកិច្ចសហការ និងគាំទ្រដល់សកម្មភាពរបស់ក្រសួងបរិស្ថានស្របតាមទស្សនវិស័យស្អាត បៃតង និងចីរភាព។ លោកស្រីតំណាងធនាគារអភិវឌ្ឍអាស៊ី បានបន្ថែម ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលតែងតែមានការគាំទ្រមកដល់ប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កន្លងមក ហើយឆ្លើយតបនឹងការងារអាទិភាពរបស់ក្រសួងដែលបានដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលបានបង្កើតឡើង ដោយអនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា និងដោយផ្អែកលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០» ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner