ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យសំណូមពរដល់អាជ្ញាធរ ជួយដោះស្រាយបញ្ហា ដូច ជា ការធ្វើប្លង់កម្មសិទ្ធិដីធ្លី១៧ហិចតា-សុំបើកផ្លូវដែលមានទំនាស់-សុំដាក់លូនៅផ្លូវ ៦០ម៉ែត្រ
(ភ្នំពេញ)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋបានសំណូមឱ្យជួយដោះស្រាយបញ្ហាជាច្រើន មានដូចជា ការសុំជម្រុញនៃការធ្វើប្លង់កម្មសិទ្ធិដីធ្លី១៧ហិចតា ជូនពលរដ្ឋ ៦៨៩គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី១; សុំបើកផ្លូវដែលមានទំនាស់; សុំដាក់លូនៅផ្លូវ៦០ម៉ែត្រនិងផ្លូវជាតិលេខ២; សុំរៀបចំខ្សែភ្លើងអោយមានសោភណ្ឌភាព; សុំរឹតបន្តឹងចំពោះអ្នករើសអាតចាយពេលយប់; សុំដោះស្រាយការលិចលង់ភូមិដ្ឋាន ការសុំធ្វើប្រព័ន្ធ លូ ផ្លូវដែលខូចខាតដោយសារទឹកភ្លៀង សូមជម្រុញឱ្យធ្វើប្លង់រឹងប្រជាពលរដ្ឋនៅតាមបណ្តាយប្រឡាយស្ទឹងមានជ័យ; ការសុំបើកក្លឹបប្រដាល់របស់សមាគមនដែលត្រូវបានគេបិទ ការសុំសំអាតបន្ទប់អនាម័យនៅតាមសាលារៀន ពិសេសសាលាបឋមសិក្សាជាដើម ។
ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ ទាំង ១៩នាក់នេះ ត្រូវបាន អភិបាលខណ្ឌមានជ័យ និងមន្ទីរពាក់ព័ន្ធ ស្រាយបំភ្លឺនិងដោះស្រាយជូនភ្លាមៗ ជាមួយនឹងការបង្ហាញពីគម្រោងដែលប្រជាពលរដ្ឋបានស្នើសុំផងដែរ ដូចជាការស្នើសុំរបស់ប្រជាពលរដ្ឋសុំធ្វើលូ ផ្លូវ ១៦BT ត្រូវបាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បកស្រាយថា មិនត្រឹមតែស្ថាបនាកំណាត់ផ្លូវមួយខ្សែនេះទេ គឺស្ថាបនាផ្លូវ លូពាក់ព័ន្ធ ជាច្រើនខ្សែទៀត
ដែលជាប់ពាក់ព័ន្ធប្រឡាយបឹងទំពុន ។
ឯកឧត្តម ម៉ប់ សារិន បានលើកឡើងថា វេទិកានេះ គឺចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញថាតើ បានបំពេញការងារបំរើប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយទេ នៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីអោយប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនិងការផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែល្អប្រសើរថែមទៀត៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ