សម្តេចមហារដ្ឋសភា ឃួន សុដារី ៖ តំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ ត្រូវបម្រើ និងតម្កល់ ផលប្រយោជន៍ពលរដ្ឋជាធំ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានប្រសាសន៍ថា ក្នុងនាមជាតំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋ ពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណ៍ណាមួយ ។

សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍បែបនេះ នៅក្នុងពិធីបើកកម្មវិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា តំណាងរាស្រ្តដែលបានជាប់ឆ្នោត ត្រូវបានប្រជាជនផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាតំណាង ហើយពួកគាត់មានក្តីរំពឹងជឿទុកចិត្តថា តំណាងរាស្រ្តទំាងអស់មានសមត្ថភាព ឆន្ទៈ ទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ ជួយអន្តរាគមន៌ ដោះស្រាយបញ្ហា និងឆ្លើយតបតាមសំណូមពរនានារបស់ពួកគាត់បាន។

“យើងទាំងអស់គ្នា ត្រូវតែខិតខំ ប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព លទ្ធភាព ប្រកបដោយភាពស្វាហាប់ សកម្ម និងរស់រវើក ដែលក្នុងនោះមានការងារស្នូលចំនួនបី ដែលយើងត្រូវបំពេញ ជាអាទិ៍ ការងារនីតិកម្ម ការងារជាតំណាង និងការងារតាមដានការអនុវត្តច្បាប់”នេះជាការគូសបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី។

សូមជម្រាបថាអគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែប្រារព្ធកម្មវិធី ស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្ត នៅគ្រប់ដើមនីតិកាលនីមួយៗដើម្បីបង្ហាញជូនពីសេវាកម្មរបស់ខ្លួនជូនសមាជិក សមាជិការដ្ឋសភា បានប្រើប្រាស់ទាំងក្នុងការងារប្រចាំថ្ងៃនិងការងារស្នូលរបស់ខ្លួន រួមមាន ការងារពាក់ព័ន្ធអំពីសិទ្ធ កាតព្វកិច្ច គណនេយ្យកិច្ចរបស់តំណាងរាស្រ្ត សេវានីតិកម្ម សេវាស្រាវជ្រាវទូទៅនិងស្រាវជ្រាវសភា ការងារការទូតសភា ពិធីការ ហិរញ្ញវត្ថុ បេសកកម្ម សេវាឡូជីស្ទូក និងសេវាកម្មនៅមូលដ្ឋានជាដើម។ល។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជាសេនាធិការ ជូនរដ្ឋសភា ក្នុងការផ្តល់សេវាជូនសមាជិករដ្ឋសភាដើម្បីបំពេញភារកិច្ច និងតួនាទីតំណាងរាស្រ្តប្រកបដោយភាពរលួន និងជោគជ័យនៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមអគ្គលេខាធិការដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានរួមសហការគ្នាយ៉ាងល្អក្នុងការរៀបចំឱ្យមានកម្មវិធីនេះឡើង ៕

ដោយ ហេង សម្បត្តិ +ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner