សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ តំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ ដោយបម្រើនិងតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាតំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណាមួយ។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកម្មវិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

នៅក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា តំណាងរាស្រ្តដែលបានជាប់ឆ្នោត ត្រូវបានប្រជាជនផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាតំណាង ហើយពួកគាត់មានក្តីរំពឹងជឿទុកចិត្តថា តំណាងរាស្រ្តទំាងអស់មានសមត្ថភាព ឆន្ទៈ ទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ ជួយអន្តរាគមន៌ ដោះស្រាយបញ្ហា និងឆ្លើយតបតាមសំណូមពរនានារបស់ពួកគាត់បាន។

“យើងទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាពលទ្ធភាព ប្រកបដោយភាពស្វាហាប់ សកម្ម និងរស់រវើក ដែលក្នុងនោះមានការងារស្នូលចំនួនបី ដែលយើងត្រូវបំពេញ ជាអាទិ៍ ការងារនីតិកម្ម ការងារជាតំណាង និងការងារតាមដានការអនុវត្តច្បាប់” នេះជាការគូសបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី។

សូមជម្រាបថាអគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែប្រារព្ធកម្មវិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនៅគ្រប់ដើមនីតិកាលនីមួយៗដើម្បីបង្ហាញជូនពីសេវាកម្មរបស់ខ្លួនជូនសមាជិក សមាជិការដ្ឋសភា បានប្រើប្រាស់ទាំងក្នុងការងារប្រចាំថ្ងៃ និងការងារស្នូលរបស់ខ្លួន រួមមាន ការងារពាក់ព័ន្ធអំពីសិទ្ធ កាតព្វកិច្ច គណនេយ្យកិច្ចរបស់តំណាងរាស្រ្ត សេវានីតិកម្ម សេវាស្រាវជ្រាវទូទៅនិងស្រាវជ្រាវសភា ការងារការទូតសភា ពិធីការ ហិរញ្ញវត្ថុ បេសកកម្ម សេវាឡូជីស្ទូក និងសេវាកម្មនៅមូលដ្ឋានជាដើម។ល។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជាសេនាធិការ ជូនរដ្ឋសភា ក្នុងការផ្តល់សេវាជូនសមាជិករដ្ឋសភាដើម្បីបំពេញភារកិច្ច និងតួនាទីតំណាងរាស្រ្តប្រកបដោយភាពរលួននិងជោគជ័យនៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមអគ្គលេខាធិការដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានរួមសហការគ្នាយ៉ាងល្អក្នុងការរៀបចំឱ្យមានកម្មវិធីនេះឡើង។

ជាមួយគ្នានេះ សម្តេចក៏បានកោតសរសើរចំពោះលេខាធិការដ្ឋាន សម្របសម្រួលបច្ចេកទេសនៃសភាកម្ពុជា (TCS) ដែលបានផ្តួចផ្តើមគំនិតតាក់តែង ចងក្រង កែសម្រួល និងធ្វើបច្ចុប្បន្នភាពសៀវភៅស្តីពី “សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត” ដែលបានបោះពុម្ពជាលើកទី២ សម្រាប់ចែកជូនសមាជិកសមាជិការរដ្ឋសភានីតិកាលទី៧នេះផងដែរ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សៀវភៅស្តីពី “សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត” ពិតជាមានសារៈសំខាន់សម្រាប់តំណាងរាស្រ្តនិងជំនួយការផ្ទាល់ ក្នុងការស្វែងរកព័ត៌មាន និងសេវា គាំទ្រនានាសម្រាប់បំពេញតម្រូវការចាំបាច់នានា។ សៀវភៅនេះ ក៏ជាផ្នែកមួយនៃការជួយពង្រឹងនិងលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាពការងាររបស់មន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។

សមាជិករដ្ឋសភានីតិកាលទី៧មានចំនួន១២៥រូប នៅក្នុងនោះ ១២០រូបមក ពីគណបក្សប្រជាជនកម្ពុជា និង៥អង្គ និងរូប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។ សមាជិករដ្ឋសភា កើតចេញពីលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅដោយរលូន មានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដោយមាន១៨គណបក្សចូលរួមប្រកួតប្រជែងនិងមានប្រជាពលរដ្ឋ ជាង៨លាន២សែននាក់ បានចេញទៅបោះឆ្នោត។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា លទ្ធផលនៃការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ បានផ្តល់នូវអាណត្តិមួយដ៏រឹងមាំ និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងការបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ថា នេះ គឺជាលើកទីមួយនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងរយៈពេលជាង៥០០ឆ្នាំមកនេះ ដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចពីអ្នកជំនាន់មុន មកអ្នកជំនាន់ក្រោយ ប្រកបដោយសន្តិភាព និងរលូន ក្រោមស្មារតីឯកភាព និងសាមគ្គីភាពជាតិ ជាមានមោទនភាពបំផុត។

សម្តេចប្រធានរដ្ឋសភាបានបន្ថែមថា នៅក្នុងនីតិកាលទី៧នេះ កម្ពុជាត្រូវពង្រឹងនូវសមត្ថភាព ទាំងផ្នែកស្ថាប័ន និងមន្រ្តីជំនាញ ដើម្បីធ្វើយ៉ាងណាអាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ជាតិគឺការប្រែក្លាយមាតុភូមិកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner