ប្រធានសម្ព័ន្ធសហជីពជាតិប្រតិកម្មតបចំពោះក្រុមសហជីពប្រឆាំងដែលរិះគន់សម្តេចធិបតី ហ៊ុន ម៉ាណែត យកកេងចំណេញផ្នែកនយោបាយ

ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានប្រតិកម្មចំពោះអ្វីដែលជាការរិះគន់របស់ក្រុមសហជីពដែលមាននិន្នការប្រឆាំង ក៏ដូចជាសារព័ត៌មានដែលមាននិន្នាការប្រឆាំងដែលរិះគន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា យកបញ្ហាកម្មករជាឈ្នាន់ ឬក៏កេងចំណេញផ្នែកនយោបាយ។ សូមបញ្ជាក់ថា គណបក្សប្រឆាំងខ្លួនឯងទេ ដែលតែងតែយកកម្មករធ្វើជាឈ្នាន់នយោបាយ។ កន្លងមកយើងឃើញហើយ លោក សម រង្ស៊ី តែងតែយកកម្មករធ្វើជាឈ្នាន់ ឬក៏ក្រុមអ្នកនៅក្រៅប្រទេសយកកម្មករធ្វើនយោបាយធ្វើជាឈ្នាន់ ដើម្បីទាញ ឬក៏កៀរគរឱ្យមានការបោះឆ្នោតជូនគណបក្សរបស់ខ្លួន។

លោក ហ្វា សាលី បានបន្តថា លោកមិនឯកភាពនៅអ្វីដែលជាការលើកឡើងរបស់ក្រុមប្រឆាំង ឬវិទ្យុទាំងអស់នោះទេ ពីព្រោះជាទូទៅ នាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាល ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះកម្មករ និយោជិត មិនមែនជាការកេងចំណេញនយោបាយនោះទេ។ រាជរដ្ឋាភិបាលបានគិតគូរដិតដល់ និងបានយកចិត្តទុកដាក់ជាមួយកម្មករ កម្មការិនី។ ចំណែកឯក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសតែងតែយកបញ្ហា EBA និងយកបញ្ហាផ្សេងៗមួយចំនួនទាមទារឱ្យគេផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗនោះ គឺវាមិនបានជួយអ្វីដល់កម្មករនោះទេ ប៉ុន្តែវាថែមទាំងបានដាក់បន្ទុកទៅលើកម្មករធ្វើឱ្យកម្មករមិនសូវមានការងារធ្វើទៅវិញ។ នេះគឺជាបញ្ហាដែលក្រុមប្រឆាំងទាំងអស់នោះត្រូវតែទទួលស្គាល់ការពិត។ ខ្លួនឯងបានកំពុងតែកម្ទេចឆ្នាំងបាយរបស់បងប្អូនកម្មកររហូតមកដល់ថ្ងៃនេះ ដែលបានធ្វើឱ្យសហគមន៍អឺរ៉ុបផ្តាច់ EBA , GSP … ពីប្រទេសកម្ពុជា។

ជាមួយគ្នានេះ ប្រធានសម្ព័ន្ធសហជីពជាតិ បានបន្តទៀតថា ការលើកឡើងរបស់ក្រុមសហជីព ក៏ដូចជា សារព័ត៌មានដែលមាននិន្នាការប្រឆាំងនោះ សូមពិនិត្យឡើងវិញហើយរៀនចេះនិយាយ រៀនចេះមើលខ្លួនឯងថា ខ្លួនឯង ឬក៏ក្រុមខ្លួនឯងកំពុងតែធ្វើអ្វី ដើរបាតុកម្ម ដើរធ្វើកូដកម្ម តាមស្ថានទូត តាមបណ្តាប្រទេសនានានៅអឺរ៉ុប នៅអាមេរិក ឱ្យគេផ្តាច់ EBA, GSP ពីប្រទេសកម្ពុជា។ តែបែរជាខ្លួនថា ខ្លួនយកចិត្តទុកដាក់ជាមួយកម្មករទៅវិញ។ រាជរដ្ឋាភិបាល និងសហជីពនៅក្នុងប្រទេសកម្ពុជាបានកំពុងយកចិត្តទុកដាក់ជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួល ជំរុញឱ្យមានការលើកទឹកចិត្ត លើកកម្ពស់ទាំងផ្នែកសុខាភិបាល ការតបណ្តាញទឹក អគ្គិសនី តាមផ្ទះជួល។ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល៕
ដោយ៖ពលជ័យ

ads banner