សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សំណូមពរដល់ប្រទេសវៀតណាមបន្តសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមព្រំដែន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទំាងសងខាង ក៏ដូចជាការធ្វើឱ្យកម្ពុជាកាន់តែមានលទ្ធភាពអភិវឌ្ឍប្រទេសជាតិ នៅក្នុងនោះមានការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួននៅតាមខេត្តជាប់ព្រំដែនឱ្យបានប្រសើរឡើងផងដែរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូចនេះនៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៣។ សម្តេចរដ្ឋសភាធិបតី បានចូលរួមអបអរសាទរ ដែលប្រទេសវៀតណាមមានការរីកចម្រើនគួរឱ្យកត់សម្កាល់នៅក្នុងរយៈពេលចុងក្រោយនេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការរីកចម្រើនរបស់វៀតណាមក៏ជាមោទកភាពរបស់កម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងការកត់សម្គាល់ថា ឈរលើមូលដ្ឋាននៃចំណងទាក់ទងរវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ជាតិ តំបន់ និងពិភពលោកមានការវិវត្ត ប្រែប្រួល និងផ្លាស់ប្តូរយ៉ាងណាក៏ដោយ តែចំណងមិត្តភាពជាប្រពៃណីដែលបានចាក់ឬសយ៉ាងជ្រៅរវាងកម្ពុជា និងវៀតណាមនៅតែបន្តឈរស្ថិតស្ថេរយ៉ាងរឹងមាំ និងលូតលាស់ទ្វេឡើងថែមទៀតទំាងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ទោះបីក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏រដ្ឋសភានៃប្រទេសទាំងពីរនៅតែបានបន្តទំនាក់ទំនង និងធ្វើសកម្មភាពសំខាន់ៗជាមួយគ្នា និងបានគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌសភាតំបន់ និងសកលលោក រួមមាន AIPA, IPU, APPF, និង APF ជាដើម៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner