ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា អំពាវនាវអោយអ្នកសារព័ត៌មាន ទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
(កំពង់ធំ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានអំពាវនាវឱ្យ អ្នក សារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ មិនលំអៀង ចៀសវាងការយកនូវមុខរបរវិជ្ជាជីវៈសារព័ត៌មាន ទៅធ្វើអាជីវកម្ម ឬទៅទាញយកផល ចំណេញដែលខុសច្បាប់។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី បានក្រើនរំលឹកដល់ អ្នកសារព័ត៌មាន ត្រូវបន្តចូលរួមអនុវត្តន៍គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន អោយបានត្រឹមត្រូវ ដើម្បីចៀសផុត បញ្ហា ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ នៅក្នុងការអនុវត្តន៍ តូនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន ។

ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ត ទុកដាក់ ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារ សិទ្ធិដល់អ្នកសារព័ត៌មាន តាមរយៈការផ្តល់នូវការគាំទ្រ ផ្នែកផ្លូវច្បាប់ ក្នុងករណីមានបញ្ហាប្រឈម នៅពេលបំពេញ កិច្ចការងារតាមវិជ្ជាជីវៈត្រឹមត្រូវ ឬកំហុសក្នុងការប្រព្រឹត្តវិជ្ជាជីវៈ គឺត្រូវទទួលបានការ ការពារស្របតាមផ្លូវច្បាប់ ។ ក្រសួងព័ត៌មាន ក៏នឹងធ្វើការពង្រឹងលើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពង្រឹង ការងារមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ ។

ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងនូវការអរគុណដល់អ្នកសារព័ត៌មាន ដែលបានបំពេញតូនាទីយ៉ាងសំខាន់ជាប្រពន្ធ័ផ្សព្វផ្សាយ ដែលនាំយកនូវព័ត៌មានពិត និងការពិត ជូនដល់សង្គម តាមរយៈការផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា ក៏បានគួសបញ្ជាក់ពី ការងារសន្តិ សុខ ព័ត៌មាន ដែលសំដៅទៅលើការធានា ឱ្យបាននូវការទទួល ព័ត៌មានរបស់សាធារណជន ខ្លឹមសារដែលមានគុណភាព មាន សុវត្ថិភាពក្នុងការប្រើប្រាស់ផងដែរ៕


ដោយ ង៉ាន់ ទិត្យ