ឯកឧត្តម កើត ឆែ ណែនាំអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ពង្រឹងសុវត្ថិភាពនៅគ្រប់មណ្ឌលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យបានល្អក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ បានធ្វើការណែនាំអាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ទាំងអស់ត្រូវពង្រឹងសុវត្ថិភាពនៅគ្រប់មណ្ឌលប្រលងទាំងអស់ ធ្វើយ៉ាងណា កុំឲ្យមាន ភាពឆកល្វែងណាមួយកើតឡើង នៅពេលប្រឡងនេះ។

ឯកឧត្តម អភិបាលរងរាជធានីភ្នំពេញ ក៏បានណែនាំទៅឱ្យអាជ្ញាធរខណ្ឌត្រូវចុះពិនិត្យរដ្ឋបាលចំពោះមណ្ឌលប្រលងណា ដែលមានបងប្អូនប្រជាពលរដ្ឋស្នាក់នៅ ជាមួយនិងការណែនាំទៅមន្ទីរសុខាភិបាល ដាក់ក្រុមគ្រូពេទ្យ ដើម្បីព្យាបាលក៏ដូចជាសង្គ្រោះនៅពេលដែលមានបេក្ខជនជនណាមួយមានបញ្ហាសុខភាព ។

ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាល រាជធានីភ្នំពេញ បានការណែនាំបែបនេះ ក្នុងកិច្ចប្រជុំស្តីពីវិធានការរៀបចំការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០២៣នេះនៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)និងតំណាងក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងអាជ្ញាធរនិងកងកម្លាំងទាំង១៤ខណ្ឌ។

ពាក់ព័ន្ធនឹងការផ្ញើកង់ ម៉ូតូវិញ ឯកឧត្តម កើត ឆែ បានណែនាំមិនឲ្យយកប្រាក់ឡើយ នៅពេលប្រលង២ថ្ងៃនេះ ដោយរាល់ការចំណាយទាំងនេះ គឺរដ្ឋបាលរាជធានីភ្នំពេញជាអ្នកចេញ។ សំរាប់កម្លាំងប៉ូលីសទាំងអស់ ពិសេស កម្លាំងប៉ូលីសនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ គឺមិនត្រូវដាក់កម្លាំងរឹតបន្តឹងច្បាប់ចរាធរផ្លូវគោកនោះទេ ដើម្បីសម្រួល ចរាចរណ៍ដល់សិស្សានុសិស្សបានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ បានទាន់ពេលវេលា។

គួរបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់) ស្រី ៧៣.២៧៨នាក់ ចែកជា ២២៧មណ្ឌល ត្រូវជា ៥.៥៤៣បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១.៣៧៩នាក់ (ស្រី២៤៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។

ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាលមានចំនួនសរុប២៩៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន ៤.១២៦នាក់ និងមកពីថ្នាក់រាជធានី ខេត្តចំនួន២៥.៣៩៩នាក់ ។ដោយឡែក សំរាប់រាជធានីភ្នំពេញ មានមណ្ឌលប្រលងចំនួន៣១មណ្ឌលនិងមានបេក្ខជនចំនួន ២៥៨៣៥នាក់ ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner