បណ្ដា​លោក​ខាង​លិច​ និង​ចិន​ ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​ស្ដី​ពី​គ្រោះ​ថ្នាក់ដ៏​​មហន្តរាយ​នៃ​បញ្ញាសិប្បនិមិត្ត

ឡុងដ៍៖បណ្ដា​ប្រទេស​លោក​ខាង​លិច​រួម​មាន​ចក្រភព​អង់គ្លេស ​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ អូស្ត្រាលី ​និង​ចិន​ បាន​ព្រម​ព្រៀង​គ្នា​ថា​ បញ្ញា​សិប្ប​និមិត្ត​ឬអេអាយ(AI)​បង្ក​ហានិភ័យ​ជា​ម​ហន្តរាយ​ដល់​មនុស្ស​ជា​តិ ​​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ ឌឹ​ ហ្គាដឌៀន​។

​រដ្ឋាភិបាល​សរុប​ចំនួន​ ២៨​ បាន​ចុះ​ហត្ថលេខា​លើកិច្ច​​ព្រម​ព្រៀង​នេះ​ ដែល​គេ​ហៅ​ថា​ «​សេចក្តី​ប្រកាស​ក្រុង​ Bletchley» នៅ​ថ្ងៃ​ដំបូង​នៃ​កិច្ច​ប្រជុំ​កំពូល​សុវត្ថិភាព​ AI ​ដែល​រៀប​ចំ​ដោយ​រដ្ឋាភិបាល​អង់គ្លេស​កាល​ពី​ថ្ងៃ​ពុធ​​។​ បណ្តា​ប្រទេស​ទាំង​អស់​ បាន​យល់​ព្រម​ធ្វើ​ការ​រួម​គ្នា​លើ​ការ​ស្រាវ​ជ្រាវ​សុវត្ថិភាព​ AI ​សូម្បី​តែ​ចំ​ពេល​មាន​សញ្ញា​ថា​ សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស​ កំពុង​ប្រកួត​ប្រជែង​​គ្នា​ដើម្បី​នាំ​មុខ​លើ​ការ​បង្កើត​បទ​ប្បញ្ញត្តិ​ថ្មី​។​

សេចក្ដី​ប្រកាស​​ចែង​ថា​៖​«​យើង​ស្វាគមន៍​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហគមន៍​អន្តរជាតិ​រហូត​មក​ដល់​ពេល​នេះ​ ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​ AI ​ដើម្បី​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​រួម​បញ្ចូល​ ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ និង​ការ​ច្នៃ​ប្រឌិត​ ដើម្បី​ការពារ​សិទ្ធិម​នុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន ​និង​ដើម្បី​លើក​កម្ពស់​ទំនុក​ចិត្ត​​សាធារណ​ជន​លើ​ប្រព័ន្ធ ​AI ​ដើម្បី​ដឹង​ពី​សក្តានុពល​​របស់​វា​​​យ៉ាង​ពេញ​លេញ​»​។

នាយករដ្ឋ​មន្រ្តី​ចក្រ​ភព​អង់គ្លេស​ លោក​ រីស៊ី ស៊ូណាក់​ បាន​ស្វាគមន៍​សេចក្ដី​ប្រកាស​នេះ​ ដោយ​លើក​ឡើង​ថា​ វា​សម្រេច​បាន​មិន​គួរ​ឱ្យ​ជឿ​។ ​លោក​ថ្លែង​​​​ថា​៖  ​«​វា​នឹង​គ្មាន​អ្វី​ផ្លាស់​ប្តូរ​សម្រាប់​អនាគត​កូ​ន​ៗ​ និង​ចៅៗ​របស់​យើង​ ​ជាង​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ដូច​ជា​ AI ​នោះ​ទេ»​​។​ លោក​បន្ថែម​ថា​ សេចក្ដី​ប្រកាស​ចុង​ក្រោយ​នឹង​ ធានា​ថា​​ AI ​​នឹង​អភិវឌ្ឍន៍​ក្នុង​វិធី​សុវត្ថិភាព​ និង​ដោយ​ទទួល​ខុស​ត្រូវ​ ដោយ​ចាប់​យក​ហានិភ័យ​ដែល​វា​បង្ក​ឡើង​ឱ្យ​ឆាប់​។ 

ចំណែក​ឯ​ លោកស្រី​​ Michelle Donelan ​លេខាធិការ​បច្ចេកវិជ្ជា​របស់​ចក្រភព​អង់គ្លេស​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​​៖ «​ជា​លើក​ដំបូង​ហើយ​​ ដែល​មាន​ប្រទេស​​​​ផ្សេង​ទៀត​ស្រប​គ្នា​​ថា​ យើង​ត្រូវ​ការ​​ឃ្លាំមើល​​ហានិភ័យ​ជុំ​វិញ​ព្រំដែន​​ AI រួម​គ្នា​»។ ​

ព្រំដែន​ AI ​( Frontier AIs) ​សំដៅ​ទៅ​លើ​ប្រព័ន្ធ​ទំនើប​បំផុត​របស់​​ម៉ូដែល ​ AI ​​ដែល​មាន​សមត្ថភាព​ខ្ពស់​ ​អាច​បំពេញ​ភារកិច្ច​ជា​ច្រើន​ និង​ពូកែ​ស្មើ​គ្នា​ ​ឬ​លើស​​ពី​​សមត្ថភាព​​ដែល​មាន​នៅ​ក្នុង​​ម៉ូដែល​​ AI ​​ទំនើប​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ​

គេ​មើល​ឃើញ​ថា​ សេចក្តី​ប្រកាស​នេះ​គឺ​ជា​ជោគ​ជ័យ​ផ្នែកការ​ទូត​សម្រាប់​ចក្រភព​អង់គ្លេស​ និង​ជា​ពិសេស​សម្រាប់​លោក​​ ស៊ូណាក់​ ដែល​សម្រេច​ចិត្ត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​នៅ​រដូវ​ក្តៅ​នេះ​ បន្ទា​ប់ពី​មាន​ការ​ព្រួយ​បារម្ភ​អំពី​វិធី​ដែល​​ម៉ូដែល AI ​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​។​​​

អនុរដ្ឋ​មន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ ​និងប​ច្ចេកវិទ្យា​ចិន​ លោក​ Wu Zhaohui ​បាន​ប្រាប់​ប្រតិភូ​រួម​កាល​ពី​ថ្ងៃ​ពុធ​ថា​​​៖ «​យើង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​នៃ​ការ​គោរព​គ្នា​​ សមភាព​ និង​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​។ ​គ្រប់​ប្រទេស​ទាំង​អស់​ ដោយ​​​មិន​គិត​ពី​ទំហំ​ ឬ​វិសាលភាព​របស់​ពួក​គេ​ ​​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុងការ​អភិវឌ្ឍន៍​ និង​ប្រើ​ប្រាស់ ​AI»​។

​​មន្ត្រី​អង់គ្លេស​មួយ​ចំនួន​បាន​សង្ឃឹម​ថា​ ប្រទេស​ផ្សេង​ទៀត​ ​នឹង​យល់​ព្រម​ពង្រឹង​ក្រុម​ការងារ​ AI ​របស់​រដ្ឋាភិបាល​ ដើម្បី​ធ្វើ​តេស្ត​លើ​​ម៉ូដែល​ថ្មី​ពី​ជុំ​វិញ​ពិភព​លោក​ មុន​ពេលដាក់​ចេញ​​​​​ប្រើ​​​វា​ជា​សាធារណៈ​៕

ប្រែសម្រូល៖ ហួន ឌីណា

ប្រភព​៖ UK, US, EU and China sign declaration of AI’s ‘catastrophic’ danger  

ads banner