ក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីរបស់អាល្លឺម៉ង់ Maersk គ្រោងកាត់បន្ថយចំនួនបុគ្គលិក ៣,៥០០នាក់
ដាណឺម៉ាក៖ ក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់អាល្លឺម៉ង់ Maersk នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ៣,៥០០នាក់ ខណៈដែលប្រាក់ចំណេញបានធ្លាក់ចុះនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ដោយសារតែអត្រានៃការដឹកជញ្ជូនធ្លាក់ចុះយ៉ាងខ្លាំង។
ជាក់ស្ដែង ក្រុមហ៊ុនដឹកជញ្ជូន Maersk ទទួលបានប្រាក់ចំណេញត្រឹម ៥២១លានដុល្លារប៉ុណ្ណោះ ក្នុងចន្លោះខែកក្កដា និងខែកញ្ញា ដែលនេះជាអត្រាទាបខ្លាំង បើធៀបនឹងឆ្នាំ២០២២ ដែលក្រុមហ៊ុនអាចទទួលបានប្រាក់ចំណេញដល់ទៅ ៨,៩ពាន់លានដុល្លារក្នុងកំឡុងពេលដូចគ្នានេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Maersk លោក Vincent Clerc បាននិយាយថា ក្រុមហ៊ុនរបស់យើងកំពុងប្រឈមមុខនឹងបញ្ហាថ្មីមួយទៀត ដែលរួមមានការធ្លាក់ចុះនៃតម្រូវការទីផ្សារ និងសម្ពាធអតិផរណា។ ក្រុមហ៊ុនបានចាប់ផ្តើមកាត់បន្ថយការចំណាយ តាមរយៈការកាត់បន្ថយចំនួនបុគ្គលិកពី ១១០,០០០នាក់ក្នុងដើមឆ្នាំ២០២៣ មក ១០៣,៥០០នាក់ក្នុងពេលបច្ចុប្បន្ន។
ហើយក្រុមហ៊ុនក៏មានវិធានការបន្ដកាត់បន្ថយចំនួន ៣,៥០០នាក់បន្ថែមទៀតក្នុងឆ្នាំ២០២៤។
គួរបញ្ជាក់ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Maersk បានធ្លាក់ចុះមកត្រឹម ១២,១ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២២ ដែលក្រុមហ៊ុនទទួលបានដល់ទៅ ២២,៨ពាន់លានដុល្លារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍