កម្ពុជា និងស្ថានទូតបារាំង​​ នឹងរៀបចំព្រឹត្តិការណ៍នានាដើម្បីអបអរខួប៧០នៃឯករាជ្យរបស់កម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា សហការជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) និងវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍(IRD) នឹងរៀបចំព្រឹត្តិការណ៍នានាដើម្បីអបអរចំណងពិសេស ដែលផ្សារភ្ជាប់ប្រទេសទាំងពីរ តាមរយៈការតាំងពិព័រណ៍ សន្និសីទ និងការបញ្ចាំងភាពយន្ត។ ព្រឹត្តិការណ៍នេះដើម្បីអបអរខួប ៧០ឆ្នាំនៃឯករាជ្យរបស់កម្ពុជាផងដែរ ។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាថ្ងៃទី ២ ខែវិច្ឆិកាបានឱ្យដឹងថា ព្រឹត្តិការណ៍ទាំងនោះរួមមានចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា គឺមានពិព័រណ៍ «១៩៥៣៖ បារាំង-កម្ពុជា ការចាប់ផ្តើមថ្មី » នឹងធ្វើឡើងនៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដើម្បីបង្ហាញពីប្រវត្តិសាស្រ្តនៃឯករាជ្យរបស់កម្ពុជាក្រោយសម័យអាណាព្យាបាលបារំាងនិងការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សក្រោយមក។


សេចក្តីប្រកាសបន្តថា៖« នោះគឺជាឯករាជ្យមួយដែលសម្តេចព្រះវររាជបិតាជាតិខ្មែរទាមទារបាន ដោយមិនបានបង្ហូរឈាមមួយតំណក់ឡើយ។ ការទទួលបានឯករាជ្យនេះមិនមែនជាការកាត់ផ្តាច់ទំនាក់ទំនងរវាងប្រទេសទាំងពីរទេ។ ផ្ទុយទៅវិញ ពិព័រណ៍នេះនឹងបង្ហាញថា សម័យកាលក្រោយឆ្នាំ១៩៥៣បានឆ្លុះបញ្ចាំងឱ្យឃើញពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដល់អំឡុងដើមឆ្នាំ១៩៧០»។

នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ ក៏មានការសម្ពោធពិព័រណ៍មួយទៀតផងដែរនៅលើរបងស្ថានទូតបារាំង ដែលមានចំណងជើងថា «កម្ពុជា មើលពីលំហអាកាស – ៧០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ»។ ពិព័រណ៍នេះរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) ដោយផ្អែកលើការងារធ្វើឡើងក្នុងភាពជាដៃគូជាមួយស្ថាប័នសាកលវិទ្យាល័យសំខាន់ៗរបស់កម្ពុជា។
តាមរយៈរូបភាពថតពីលើអាកាស និងរូបភាពផ្កាយរណបធ្វើឡើងក្នុងអំឡុងពេល៧០ឆ្នាំចុងក្រោយនេះ ពិព័រណ៍ខាងលើនឹងបង្ហាញពីការប្រែប្រួលនៃសណ្ឋានដី និងការវិវឌ្ឍរបស់ប្រទេសកម្ពុជា។
វាក៏​បង្ហាញ​ផងដែរថាតើបច្ចេកទេសសង្កេតមើលផែនដីអាចឱ្យគេឆ្លើយតបកាន់តែប្រសើរទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាពដោយរបៀបណា។

ចំពោះភាពយន្តវិញ ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែវិច្ឆិកា វិទ្យាស្ថានបារាំងនៅកម្ពុជានឹងចាក់បញ្ចាំងភាពយន្តនិយាយភាសាបារាំងចំនួន៤ពាក់ព័ន្ធនឹងឯករាជ្យរបស់ប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៃអតីតឥណ្ឌូចិនបារាំង។ ការចាក់បញ្ចាំងភាពយន្តទាំងនេះនឹងប្រព្រឹត្តទៅដោយមានវត្តមានរបស់សមិទ្ធិករ Philippe Fréling ដែលកំពុងស្នាក់នៅរាជធានីភ្នំពេញ។ 

ជាកិច្ចបញ្ចប់ សន្និសីទនានានឹងត្រូវរៀបចំឡើងនៅវិទ្យាស្ថានបារាំង ដោយមានការចូលរួមពីសំណាក់ប្រវត្តិវិទូ Marie Aberdam  ជាគ្រូបង្រៀន និងអ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិភាសា និងអរិយធម៌បូព៌ាប្រទេស (Inalco)។
ចំណែកនៅថ្ងៃទី៥ ខែធ្នូ សន្និសីទទី១នឹងផ្តោតលើបរិបទ តួអង្គ និងដំណាក់កាលនានាដែលនាំឱ្យកម្ពុជាទទួលបានមកវិញនូវស្វ័យភាព ចាប់តាំងពីការលេចឡើងនូវចលនាជាតិនិយមខ្មែរក្នុងឆ្នាំ១៩៣០ រហូតដល់ការទទួលបានអធិបតេយ្យភាពពេញលេញក្រោយសន្និសីទក្រុងហ្សឺណែវ (ឆ្នាំ១៩៥៤) ដែលបានបញ្ចប់សង្រ្គាមឥណ្ឌូចិនទី១។ ចំណែកសន្និសីទទី២នៅថ្ងៃទី១២ ខែធ្នូ នឹងផ្តោតលើ«ការចងចាំរបស់កម្ពុជាអំពីការធ្វើអាណានិគម»។  ពិព័រណ៍នេះនឹងបង្ហាញពីការដាក់អាណានិគមនៅកម្ពុជា និងទំនាក់ទំនងរវាងប្រវត្តិសាស្រ្ត និងការចងចាំក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ សន្និសីទទាំងពីរនេះនឹងធ្វើឡើងជាភាសាបារំាង ដោយមានការបកប្រែជាភាសាខ្មែរ៕

 ដោយ៖ សុខ រក្សា

ads banner