រដ្ឋមន្រ្តីអប់រំ ស្នើឱ្យអ្នកពាក់ព័ន្ធបំពេញភារកិច្ចដោយការទទួលខុសត្រូវ ដើម្បីធានាប្រសិទ្ធភាពការប្រឡងបាក់ឌុប
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ស្នើឱ្យបុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ដើម្បីជួយសម្រួល និងធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទិយភូមិ ឬបាក់ឌុប ឱ្យប្រព្រឹត្តិទៅដោយរលូន។
ការស្នើនេះត្រូវបានធ្វើឡើង តាមរយៈវីដេអូខ្លី ដែលបង្ហោះនៅលើហ្វេសប៊ុករបស់ក្រសួងអប់រំ កាលយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈការប្រឡងកាន់តែខិតជិតមកដល់។
ថ្លែងក្នុងវីដេអូខាងលើបណ្ឌិត ហង់ជួន ណារ៉ុន បានផ្តាំផ្ញើ និងជូនពរដល់សិស្សដែលត្រៀមប្រឡងបាក់ឌុប ពិសេសជូនដល់បុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធនានា ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទិយភូមិ សម័យប្រឡងថ្ងៃទី ០៦ វិច្ឆិកា ២០២៣ ឱ្យខិតខំបំពេញភារកិច្ចរៀងៗខ្លួនដោយការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់។
លោករដ្ឋមន្រ្តីបន្តថា៖«ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ ខ្ញុំសូមឱ្យមេប្រយោគ គណៈកម្មាការនានា និងអ្នកពាក់ព័ន្ធក្នុងការប្រឡងទាំងអស់ សូមយកចិត្តទុកដាក់លើការងាររបស់ខ្លួន ទាំងការងាររដ្ឋបាល ការគ្រប់គ្រងបច្ចេកទេស សន្តិសុខ វិធានការសុខភាព និងសុវត្ថិភាព ដើម្បីធានថាការប្រឡងនេះ ប្រព្រឹត្តិទៅដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។
ពាក់ព័ន្ធនឹងការប្រឡងបាក់ឌុបនេះដែរ ក្រសួងទេសចរណ៍ កាលថ្ងៃទី២ ខែវិច្ឆិកានេះ ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ អនុរក្ស និងសិស្សានុសិស្សក្នុងពេល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៣នេះ ពោលគឺមិនត្រូវដំឡើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ។
ក្នុងនោះក្រសួងទេសចរណ៍ អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសចំពោះអាជីវកម្មសេវាកម្មស្នាក់នៅទេសចរ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល កុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងនាពេលខាងមុខនេះ។
ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្តចំនួនពីរដង គឺលើកទី១នៅថ្ងៃទី៣០ ខែតុលា ដើម្បីឱ្យបេក្ខជន បានពិនិត្យ និងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី០៥ ខែវិច្ឆិកាដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។
ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ក្រសួងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧,៤១២នាក់ (ស្រី៧៣,២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១,៣៧៩នាក់ (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦,០៣៣នាក់ (ស្រី៤៨,៤៨៩ នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរមានចំនួនសរុប២២៧មណ្ឌល ត្រូវជា៥ ៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា១ ៦៨២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៥៥ មណ្ឌល ត្រូវជា៣ ៨៦១ បន្ទប់។
ចំពោះ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន១០មណ្ឌល នៅរាជធានីភ្នំពេញ៕
ដោយ៖ បូរ ពេជ្រហ្សាលីន