ស្ថានភាព​រស់នៅ​ក្នុង​តំបន់​កាហ្សា​កាន់តែអាប់អួ ខណៈការ​វាយលុករបស់អ៊ីស្រាអែលកាន់តែខ្លាំង

កាហ្សា៖ ប្រជាជនប៉ាឡេស្ទីនដែលរស់នៅតំបន់កាហ្សា កំពុងជ្រកកោនដោយការ​ភ័យខ្លាច ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ការទម្លាក់គ្រាប់ដូចគេស្រោចនោះបានសម្លាប់ជីវិតមនុស្សអស់រាប់ពាន់នាក់  ។រីឯទឹកស្អាតក៏កំពុងអស់ជាបណ្ដើរៗ ដែលធ្វើឱ្យពួកគេប្រឈមមុខនឹងបញ្ហាសុខភាពកាន់តែខ្លាំងឡើង។

ទីក្រុង Khan Younis ដែលស្ថិតនៅភាគខាងត្បូនៃតំបន់តំបន់កាហ្សាឯណោះ ក្មេងស្រីម្នាក់ឈ្មោះ Rafif Abu Ziyada បាននិយាយថា នាងកំពុងមានអាការៈឈឺក្រពះ និងឈឺក្បាល ដោយសារតែ​ផឹកទឹកកខ្វក់។នាង​បាន​និយាយ​ថា​៖ «​យើងគ្មាន​ហ្គាស​សម្រាប់​ចម្អិន​អាហារនោះទេ គ្មានទាំង​ទឹកញុំាគ្រប់គ្រាន់ផង  ហើយដោយសារតែការហូបចុកយើងមិនស្អាត ជុំវិញខ្លួនយើងហ៊ុមព័ទ្ធទៅដោយធូលី និងផ្សែង ធ្វើឱ្យពួកយើងចាប់ផ្ដើមធ្លាក់ខ្លួនឈឺគ្រប់គ្នា។»

បើទោះបីជា​ប្រជាជនស៊ីវិលប៉ាឡេស្ទីនបានចាកចេញពីភាគខាងជើង ទៅកាន់ភាគខាងត្បូងនៃតំបន់​កាហ្សាតាមការជូនដំណឹងរបស់អ៊ីស្រាអែលក្ដីក៏ប៉ុន្តែការរស់នៅទីនោះហាក់កាន់តែអាក្រក់ឡើង ដោយ​សារ​តែការអត់អាហារ។

លោក Juliette Touma អ្នកនាំពាក្យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា៖ «ទឹកត្រូវបានប្រើប្រាស់ជាអាវុធនៃសង្រ្គាម ដោយមនុស្សជាច្រើនកំពុងងាកទៅរក​ប្រភពទឹកដែលមិន​ស្អាត ពីព្រោះថាទឹកស្អាតនៅក្នុងតំបន់កាហ្សាគឺមិនមាន ឬមានក្នុងបរិមាណតិចតួចបំផុត»។

 កាលពីដំបូងឡើយ អ៊ីស្រាអែលបានផ្តាច់ការផ្គត់ផ្គង់ទឹកទាំងអស់ទៅកាន់តំបន់​កាហ្សា បន្ទាប់ពីថ្ងៃទី ៧ ខែតុលា ប៉ុន្តែក៏បានអះអាងថាខ្លួនបានស្ដារវាឡើងវិញនៅ​តំបន់ភាគ​ខាងត្បូង ដោយបើកឡើងវិញនូវ​បណ្តាញ​ផ្គត់ផ្គង់ទឹក ២៨.៥ លានលីត្រក្នុងមួយថ្ងៃ។

មន្ត្រីយោធាអ៊ីស្រាអែលបានបញ្ជាក់បន្ថែមថា មានទឹកគ្រប់គ្រាន់ និងការផ្គត់ផ្គង់ផ្សេងទៀត​សម្រាប់ប្រជាជនស៊ីវិលទាំងអស់ ហើយពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារអង្គការ​សហប្រជាជាតិទាំ​ង​អស់ដើម្បីតាមដាន​ស្ថានភាពមនុស្សធម៌។

ប៉ុន្តែស្ថានភាពជាក់ស្ដែង គឺម៉ាស៊ីនបូមទឹកដើម្បីទាញយកទឹកពីក្រោមដី និងរោងចក្របំប្លែងទឹកប្រៃ ទៅជាទឹកសាបនោះ មិនអាចដំណើរការបានដោយសារតែមិនមានភ្លើងអគ្គិសនី។

មិនត្រឹមតែប៉ុណ្ណោះ បរិយាកាសក្នុងទីក្រុងបានប្រែទៅជាអាប់អួរ មានតែផ្សែងពុលដែលចេញពីការ ទម្លាក់គ្រាប់បែក និងក្លិនស្អុយពាសពេញទីក្រុង។ ប្រជាជនស្លូតត្រង់ទាំងនោះត្រូវរស់នៅក្នុងភាព ស្រវេស្រវា ដោយហូបអ្វីដែលអាចហូបបាន និងត្រូវផឹកទឹកកខ្វក់ដើម្បីអាចរស់បាន៕

ដោយ៖ កែវ បុស្បា

ប្រភព៖ https://www.reuters.com/world/middle-east/living-conditions-gaza-turning-grim-under-israeli-siege-2023-11-02/

ads banner