រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បានបញ្ចប់ជាស្ថាពរ ដោយប្រើប្រាស់រយៈពេល ១៩ឆ្នាំ
(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា ការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បានបញ្ចប់ជាស្ថាពរ ដោយប្រើប្រាស់រយៈពេល ១៩ឆ្នាំ ចែកចេញជាពីរដំណាក់កាល។ នេះជាការបញ្ជាក់របស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជា្ញធរជាតិអប្សរា ក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលប្រាសាទអង្គរវត្ត” ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៥ នៃការបង្កើតអាជ្ញាធរជាតិអប្សរា និងការចុះបញ្ជីប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌ ពិភពលោកក្នុងឆ្នាំ១៩៩២ កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានខិតខំបំពេញការងារ ប្រកបដោយទំនួល ខុសត្រូវខ្ពស់ចំពោះជាតិ និងអន្តរជាតិ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌវប្បធម៌អង្គរជាសម្បត្តិមនុស្សជាតិដ៏ល្បីល្បាញគ្មានពីរលើលោកប្រកបដោយកិត្តិសព្ទ និងការទទួលស្គាល់យ៉ាងទូលំទូលាយនៅ គ្រប់រូបភាព ពីសាធារណជនជាតិ និងអន្តរជាតិ ហើយបានក្លាយ ជាគោលដៅទស្សនាទេសចរណ៍ដែលប៉ង ប្រាថ្នាជាងគេនៅក្នុងតំបន់អាស៊ី និងលើពិភពលោក។

លោកជំទាវបន្តថា កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សជួសជុល និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក មិនអាចប្រព្រឹត្តទៅប្រកបដោយផ្លែផ្កាទេ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយនឹងស្ថាប័ន ជាតិ និងអន្តរជាតិ ជាពិសេសរដ្ឋាភិបាលជប៉ុន ក៏ដូចជាស្ថាប័ន-គ្រឹះស្ថានសាធារណៈ និងឯកជនជប៉ុន។ មកទល់បច្ចុប្បន្ននេះ ថវិកាជំនួយរបស់ប្រទេសជប៉ុនដើម្បីអង្គរ បានកើនឡើងច្រើនជាងមួយរយលាន ដុល្លារអាមេរិក។ បន្ថែមពីលើនេះទៀត ជប៉ុនក៏បានគិតគូរដល់ការបណ្ដុះបណ្តាលធនធានមនុស្សផងដែរ ខណៈចាប់ពីឆ្នាំ១៩៩៣មក រដ្ឋាភិបាលជប៉ុន បានឧបត្ថម្ភគាំទ្រជាច្រើនលានដុល្លារអាមេរិកសម្រាប់កម្មវិធីបណ្តុះ បណ្ដាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈក្នុងវិស័យបុរាណវិទ្យា និងស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈភ្នំពេញ និងនៅអាជ្ញាធរជាតិនានា។

បច្ចុប្បន្ន អ្នកជំនាញខ្មែរទាំងនោះកំពុងបម្រើការក្នុងវិស័យបេតិកភណ្ឌវប្បធម៌។ ក្រៅពីកម្មវិធីពង្រឹងសមត្ថភាពវិជ្ជាជីវៈខាងលើ អ្នកជំនាញខ្មែរជាច្រើនរូបទៀត សុទ្ធតែធ្លាប់បាន ហើយនឹងកំពុងទទួលការបណ្ដុះបណ្ដាលកម្រិតមធ្យម អនុបណ្ឌិត និងបណ្ឌិត ទាំងនៅ តាមការដ្ឋានផ្ទាល់ ទាំងនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសជប៉ុន។

ការជួសជុលស្ពានហាលប្រាសាទអង្គរវត្តបានបញ្ចប់ជាស្ថាពរ ដោយប្រើប្រាស់រយៈពេលសរុប ចំនួន ១៩ឆ្នាំ ចែកចេញជាពីរដំណាក់កាល ដំណាក់កាលទី១ ប្រើប្រាស់រយៈពេលអស់ ១២ឆ្នាំ (១៩៩៦- ២០០៧ និងដំណាក់កាលទី២ ប្រើប្រាស់អស់រយៈពេល ៧ឆ្នាំ (២០១៦-២០២៣) ដំណើរការ ជួសជុលដំណាក់កាលទី១ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត សម្រេចបានជោគជ័យ ប្រវែង ៩៣ម៉ែត្រ ជួសជុលដោយក្រុមជំនាញផ្នែកស្ថាបត្យកម្មដឹកនាំដោយលោកសាស្ត្រាចារ្យ Masao Katagiri នសាកលវិទ្យាល័យ Nihon និងសាស្ត្រាចារ្យយ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ី ដើម្បីការ សិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស។ ដំណាក់កាលទី២ សម្រេចបាន ៩៩ម៉ែត្រ ដឹកនាំ សហការជួសជុសជាមួយអ្នកជំនាញការខ្មែរ ដោយលោកសាស្ត្រាចារ្យ សាតូរុ មីវ៉ា (Satoru MIWA) និង សាស្ត្រាចារ្យយ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា នៃមជ្ឈមណ្ឌលអាស៊ី ដើម្បីការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាល ធនធានមនុស្ស។ ក្នុងដំណើរការនេះ ជាលទ្ធផល ថ្មភក់ និងថ្មបាយក្រៀម ជាច្រើនពាន់ដុំ ត្រូវបានរៀបចំ ឡើងវិញ ដោយចំណាយថវិកាជាច្រើនរយលានយ៉េន និងជួយបណ្ដុះបណ្ដាលផ្នែកអភិរក្សជូនអ្នកជំនាញ កម្ពុជាបានលើសពី ៣០នាក់ ក្នុងគោលដៅដើម្បីឱ្យជនជាតិខ្មែរអាចរៀបចំជួសជុលប្រាសាទ និងស្រាវ ជ្រាវដោយខ្លួនឯង។

ក្នុងការជួសជុលដំណាក់កាលទី២ កន្លងមកអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអប់រំសូហ្វីយ៉ាបាន សហការនិងព្រមព្រៀងបំពេញកាតព្វកិច្ចរៀងៗខ្លួន រួមមាន ៖
អាជ្ញាធរជាតិអប្សរា បានទទួលបន្ទុកថវិកាសរុបចំនួន ៨២០,០៧១ដុល្លារអាមេរិក ដោយមិនទាន់គិត ដល់បន្ទុកចាំបាច់មួយចំនួនទៀត ដើម្បីចំណាយលើអ្នកបច្ចេកទេស ពលករសម្រាប់ការដ្ឋាន អ្នកដឹកនាំ ការដ្ឋានខ្មែរ ផ្គត់ផ្គង់ប្រេងឥន្ធនៈ ការថែទាំជួសជុលឡានស្ទូច និងរថយន្ត និងទិញសម្ភារៈចាំបាច់នានា សម្រាប់ដំណើរការការដ្ឋាន។ល។

គ្រឹះស្ថានអប់រំសូហ្វី បានផ្ដល់អ្នកជំនាញការជប៉ុន និងថវិកាដើម្បីទិញសម្ភារៈ និងឧបករណ៍ ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការការដ្ឋាន ដែលបានចំណាយថវិកាសរុបជាង ៦៨០០០ ដុល្លារអាមេរិក/១ឆ្នាំ។ រីឯរដ្ឋាភិបាលជប៉ុន បានប្រើប្រាស់ថវិកាសរុបចំនួន៩១លានយ៉េន ប្រហែលជា៧៥ ម៉ឺនដុល្លារអាមេរិក ក្រោមទម្រង់ជំនួយជាសម្ភារៈ និងគ្រឿងបរិក្ខារទំនើបៗសម្រាប់ដំណើរការការដ្ឋានជួស ជុលនេះ។ សម្ភារៈ និងបរិក្ខាទាំងនោះរួមមាន ម៉ាស៊ីនស្ទួចថ្ម១គ្រឿង, រថយន្តស្ទូចថ្ម ៤០តោន១គ្រឿង, រថយន្តមានដងស្ទូច២គ្រឿង, ម៉ាស៊ីនស្ទួចថ្មខ្នាតតូច២គ្រឿង, ម៉ាស៊ីនភ្លើង២គ្រឿង, ពន្លាកដាប់ថ្មចំនួន ៥០០, ម៉ាស៊ីនកាត់ថ្ម និងផ្លែកាត់ជាច្រើនគ្រឿងទៀតសម្រាប់ប្រើប្រាស់ក្នុងគម្រោងនេះ និងគម្រោងដទៃទៀតរបស់អាជ្ញាធរជាតិអប្សរា នៅតំបន់អង្គរនាពេលអនាគត ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ