ព្រះករុណា ព្រះមហាក្សត្រ បង្ហាញក្តីសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិ នឹងនៅស្ថិតស្ថេរ

(សៀមរាប)៖ មានព្រះរាជបន្ទូលនៅក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិ នឹងនៅស្ថិតស្ថេរ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរា និងស្ថាប័នវប្បធម៌កម្ពុជាផ្សេងៗទៀត អាចនឹងបន្តដំណើរការល្អបំពេញភារកិច្ចរបស់ខ្លួន ទទួលបានជោគជ័យដ៏ធំធេងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្ថែមថា ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរដែលជាស្នាព្រះហស្ថ និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមានតម្លៃជាសាកលពិតប្រាកដ ។ ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតរមួតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនដែលផ្ដើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣ ។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលទៀតថា កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាពេលកន្លងមក ពិតណាស់ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានាទាំងជាតិ និងអន្តរជាតិជាពិសេសប្រទេសជប៉ុន ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner