ប្រទេសអ៊ីស្រាអែលវាយប្រហារទៅលើទីតាំង ៧កន្លែងនៅភាគខាងត្បូងប្រទេសលីបង់
បេរូត៖ កងកាំភ្លើងធំរបស់អ៊ីស្រាអែល នៅថ្ងៃសុក្រនេះ បានបើកការវាយប្រហារយ៉ាងធំមួយនៅតំបន់ក្បែរព្រំប្រទល់ប្រទេសលីបង់ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហេបូឡា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TASS នៅថ្ងៃទី០៣ ខែវិច្ឆិកា។
យោងតាមប្រភពរាយការណ៍ដែលមិនបញ្ចេញឈ្មោះ តំបន់ដែលត្រូវវាយប្រហារទាំងនោះ រួមមាន Tayr Harfa, Ayta ash-Shab, Jibbain, Ramiye, al-Quzah, Naqoura, និង Alma ash-Shab. ដ្រូន និងយន្ដហោះចម្បាំងរបស់អ៊ីស្រាអែលនៅតែបន្ដហោះជុំវិញតំបន់ទាំងនោះ។
នៅក្នុងសារមួយដែលបង្ហោះនៅលើបណ្ដាញផ្សព្វផ្សាយ Telegram រដ្ឋមន្ដ្រីការបរទេសស្ដីទីនៃប្រទេសលីបង់ លោក Abdallah Bou Habib បានថ្កោលទោសចំពោះទង្វើរបស់អ៊ីស្រាអែល។ លោកបានបន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែលកំពុងគំរាមកំហែងលីបង់ ហើយតើហេតុអ្វីគ្មានការឆ្លើយតបពីសំណាក់សហគមន៍អន្ដរជាតិចំពោះការគំរាមកំហែងបែបនេះ?
គួរបញ្ជាក់ថា ក្រោយពេលមានការវាយប្រហារនេះ ប្រជាជនប្រមាណ ១០,០០០នាក់នាំគ្នាភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ ទៅកាន់ទីក្រុង Tyre។ ការណ៍នេះ បានធ្វើឱ្យចំនួនអ្នកភៀសខ្លួនកើនឡើងរហូតដល់ ៣០,០០០នាក់ ចាប់ពីថ្ងៃទី០៨ ខែតុលាមក។
បច្ចុប្បន្ន ពុំទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់ ឬរងរបួសដោយការវាយប្រហារនេះច្បាស់លាស់នៅឡើយ៕
ប្រភព៖ TASS ប្រែសម្រួលដោយ ៖ ឈឹម ទីណា