ឃាត់ខ្លួនក្រុមអ្នកញៀនល្បែង ៩នាក់ និងវត្ថុតាងល្បែងមួយចំនួន នៅឃុំស្រអែម

(ខេត្តព្រះវិហារ)៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៤ :៣០នាទី កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឆ្មក់ ចុះបង្រ្កាបទីតាំងល្បែងស៊ីសង មួយកន្លែង នៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោកវរសេនីយ៍ឯក គង់ គារ នាយការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងតាមរយៈប្រព័ន្ធ តេលេក្រាម នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្រោមការ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នគរបាលខេត្ត និងដោយមានការសម្របសម្រួល ពីលោក ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ។

កម្លាំងនគរបាលជំនាញការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ត បានឆ្មក់ចុះបង្ក្រាបទីតាងល្បែងស៊ីសង មួយកន្លែងស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួនអ្នកញៀនល្បែងចំនួន ៩នាក់ ក្នុងនោះស្រី ៤នាក់ និងដកហូតវត្ថុតាងរួមមាន៖ គ្រាប់ខ្លាឃ្លោកចំនួន ៥២គ្រាប់, ចានសម្រាប់ក្រឡុកខ្លាឃ្លោកចំនួន ០៦ចាន, តេឡេបញ្ជាអាប៉ោងចំនួន ៣, បៀរចំនួន ២ហ៊ួរ, ទូរស័ព្ទដៃចំនួន ៨គ្រឿង, ម៉ូតូចំនួន ៧គ្រឿង និងសម្ភារៈបម្រើល្បែងមួយចំនួន ។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បាននិងកំពុងកសាងសំណុំឯកសារ ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

សួន លីណា

ads banner