ឆ្នាំនេះរកឃើញសត្វស្លាបទឹកចំនួន ៧ប្រភេទ បានធ្វើសំបុកនៅតំបន់ការពារ ទេសភាព បឹងព្រែកល្ពៅ
(ភ្នំពេញ)៖ក្រុមមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា(Naturelife Cambodia) បានរកឃើញសំបុកសត្វស្លាបចំនួន៧ប្រភេទប្រចាំឆ្នាំ២០២៣នេះនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ០៤ ខែ វិច្ឆិកាថា ក្រោយការធ្វើកំណត់ត្រា ហើយលទ្ធផលដែលបានបញ្ចប់កាលពីចុងខែតុលា ឆ្នាំ២០២៣ គេរកឃើញមានសត្វស្លាបទឹកចំនួន ៧ប្រភេទបានធ្វើសំបុកពងកូននៅតំបន់នេះដែលរួមមាន សត្វស្មោញ ចង្កៀលខ្យង ក្អែកទឹកតូច ខ្វែក ក្រសារប្រផេះ ក្រសារធ្នង់ និងកុកគ្រោងតូច ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា បានបញ្ជាក់ក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួននេះដែរថា ៖ ” យើងសង្កេតឃើញថា ចំនួនសំបុកសត្វមានការថយចុះខ្លាំងបើប្រើបធៀបនឹងឆ្នាំកន្លងទៅ ព្រោះព្រៃលិចទឹកធំធំដែលជាទ្រនុំពងកូនបានបាត់បង់ (ងាប់) ពីតំបន់ និងសំបុកមួយចំនួនរងការលិចទឹក (ទឹកជំនន់) ដោយសារតែសត្វស្លាបបានធ្វើសំបុកលើព្រៃលិចទឹកទាប”។
គួរបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅដែលជាតំបន់ដីសើមមួយកន្លែងនេះ ក្រៅពីជាតំបន់សម្បូរសត្វស្លាបរស់នៅហើយក៏ជាទីកន្លែងទេសចរណ៍ពេញនិយមមួយផងដែរ។សត្វស្លាបជាច្រើនប្រភេទតែង បង្ហាញខ្លួនដល់អ្នកទេសចរណ៍ឱ្យបានឃើញក្នុងនោះមានដូចជា៖ សត្វក្រៀល ចង្កៀលខ្យង ត្រយ៉ងខ្លួនរលង ទាកាបព្រៃក្បាលឆ្នូតស សត្វចាបព្រៃវែងជាដើម ៕
ដោយ៖ម៉ាដេប៉ូ