សហព័ន្ធកីឡាវាយសីកម្ពុជាបង្កើតការប្រកួតប្រចាំឆ្នាំសម្រាប់កីឡាវាយសីជនពិការ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាព
(ភ្នំពេញ)៖ ឯកឧត្តម កែវ រស់ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា និងជាប្រធានគណៈកម្មការកីឡាវាយសីជនពិការកម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់ ការប្រកួតកីឡាវាយសីជនពិការប្រចាំឆ្នាំ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកាថា ការប្រកួតនេះ ជាការប្រកួតប្រចាំឆ្នាំមួយសម្រាប់កីឡាវាយសីជនពិការកម្ពុជា ដែលបង្កើតឡើងដោយសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ី ភា្ជប់ជាមួយការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម អនុប្រធានគណៈកម្មការហិរញ្ញាវត្ថុសហព័ន្ធកីឡាវាយសី អាស៊ី បានគូសបញ្ជាក់ទៀតថា ការរៀបចំប្រកួតកីឡាវាយសីនាពេលនេះ គឺជាការបង្កើតព្រឹត្តិការណ៍ប្រកួតមួយប្រចាំឆ្នាំ ដើម្បីឲ្យកីឡាករកីឡាការិនីកីឡាវាយសីជនពិការកម្ពុជាទទួលបានការប្រកួតប្រជែងធ្វើតេសវាស់ស្ទង់កម្រិតសមត្ថភាពត្រៀមខ្លួនមុនចេញទៅហ្វឹកហាត់និងចូលរួមប្រកួតនៅលើឆាកអន្តរជាតិដែលសហព័ន្ធនឹងបញ្ជូនទៅនៅឆ្នាំ២០២៤។
ឯកឧត្តម អះអាងទៀតថា កីឡាវាយសីជនពិការកម្ពុជាទើបតែបង្កើតឡើងបាន២ឆ្នាំប៉ុណ្ណោះ ក្រោមគំផ្តួចផ្តើមពីប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល ហើយធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ទទួលបានមេដាយសំរិទ្ធ២គ្រឿងផងដែរ។ សម្រាប់ផែនការទៅមុខទៀតនេះ សហព័ន្ធកំពុងតែជំរុញឲ្យអត្តពលិកកីឡាវាយសីជនពិការចេញទៅហ្វឹកហាត់និងប្រកួតនៅក្រៅប្រទេសឲ្យបានច្រើន ដើម្បីអភិវឌ្ឍកម្រិតសមត្ថភាពត្រៀមដណ្តើមមេដាយជូនកម្ពុជា សម្រាប់ព្រឹត្តិការណ៍ប្រកួតនៅក្រៅប្រទេស ពិសេស អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃក្នុងឆ្នាំ២០២៥។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជនពិការកម្ពុជា ដែលធ្វើ ឡើង ក្រោមការឧបត្ថម្ភគាំទ្រ ពីសហព័ន្ធកីឡាវាសីអាស៊ី មាន កីឡាករ ចូលរួមប្រកួតសរុបចំនួន១១នាក់ជាកីឡាករកម្ពុជាសុទ្ធ ក្នុងនោះកីឡាការិនីចំនួន៤នាក់ ដោយធ្វើការប្រកួតលើវិញ្ញសា វាយឯកក្តជន វាយគូ និងវាយឯកក្តជនវិញ្ញសាជិះរទះបុរសនិងនារី វិញ្ញសាវាយឯកក្តជនបុរសកម្ពស់ទៀបនិង វាយគូបុរសកម្ពស់ទៀប ៕
រូបភាព អត្ថបទ៖ជាវ ចន្ធូ










