រដ្ឋមន្រ្តីបរិស្ថាន ជំរុញផែនការសកម្មភាពពង្រឹងសក្តានុពល សួនកេសរកូល សុខអាន «ភ្នំគូលែន»
(សៀមរាប)៖ ក្នុងឱកាសចុះពិនិត្យវឌ្ឍនៈភាពនៃសួនកេសរកូល សុខអាន ក្នុងឧទ្យានជាតិ «ភ្នំគូលែន» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកោតសរសើរអំពីការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បន្ថែមទៀតនៅស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» ពិសេសអាគារស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ថ្មី តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ពង្រីងផ្នែកសេវាកម្មអូកូទេសចរណ៍ តាមរយៈធនធានដែលក្រសួង និងគម្រោងបានបា នជួយគាំទ្រនាពេលកន្លងមក។ បន្ថែមលើនេះ ឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់ការផ្គត់ផ្គងម្ហូបអារហារពីបន្លែ ត្រី សាច់ធម្មជាតិ ដែលបាននឹងកំពុងដាំដុះនៅក្នុងសួនបន្ថែមទៀត ជាពិសេសជ្រូកគូលែន និងបន្លែជាអនុផលព្រៃឈើជាច្រើនទៀតពីប្រជាសហគមន៍នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» នេះ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បាន ចូលទស្សនាសួនបណ្តុះកូនឈើនៃក់ការឧទ្យានុរក្ស «កេសរកូល» និងជំរុញឱ្យមន្រ្តីបរិស្ថាន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍នៅក្នុងឧទ្យានជាតិទាំងមូលចូលរួមក្នុងយុទ្ធនាការដាំឈើ ១លានដើមដាំជារៀងរាល់ឆ្នាំ ដើម្បីបង្កើនភាពបៃតង គឺបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានណែនាំដល់មន្ត្រីឧទ្យានុរក្ស ពង្រឹងអនុវត្តច្បាប់ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងមិនលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិឡើយ ៕
ដោយ / គ្រី សម្បត្តិ