បង់ក្លាដែសចាប់ខ្លួនសកម្មជនប្រឆាំងជិត ៨,០០០នាក់ មុនការបោះឆ្នោតសកលនៅខែមករាដើមឆ្នាំក្រោយ
ដាកា៖ ប៉ូលិសបង់ក្លាដែសចាប់ខ្លួនសកម្មជនប្រឆាំងជិត៨.០០០នាក់ ក្នុងការបង្ក្រាបទូទាំងប្រទេស ចាប់តាំងអាជ្ញាធរបំបែកការជួបជុំដ៏ធំមួយកាលពីមួយសប្តាហ៍មុន។ ការចាប់ខ្លួនទូទៅនេះ កើតឡើងនៅមុនការបោះឆ្នោតសកលមួយនៅខែមករាដើមឆ្នាំក្រោយ។
មនុស្សជាង ១០០.០០០នាក់បានចូលរួមក្នុងមហាបាតុកម្មនៅទីក្រុងដាក្កា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជាពេលដែលប៉ូលីសម្នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នា។ ចាប់តាំងពីពេលនោះ ប៉ូលីសបានធ្វើការបង្ក្រាបទូទៅលើសកម្មជនគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសបង់ក្លាដែស គឺគណបក្សជាតិនិយមបង់ក្លាដែស (BNP) ដោយបានចាប់ខ្លួនសកម្មជនរាប់ពាន់នាក់ និងចោទប្រកាន់មេដឹកនាំជាន់ខ្ពស់របស់គណបក្សនេះចំនួន ១៦២នាក់ ចំពោះការសម្លាប់មន្ត្រីប៉ូលីស។
ចំណែកនៅថ្ងៃអាទិត្យសប្តាហ៍មុន ប៉ូលីសបានចាប់ខ្លួនអនុប្រធានបក្ស BNP ក្រោយពីគណបក្សនេះប្រកាសបិទខ្ទប់បណ្តាញគមនាគមន៍ទូទាំងប្រទេស ៤៨ម៉ោង ជាផ្នែកនៃយុទ្ធនាការប្រឆាំងរដ្ឋាភិបាលរបស់ខ្លួន។ ក្រៅពីប៉ូលីសម្នាក់ស្លាប់ មនុស្ស ៤នាក់ទៀតក៏បានស្លាប់ក្នុងការប៉ះទង្គិចរវាងប៉ូលីស និងបាតុករចាប់តាំងពីថ្ងៃសៅរ៍មុន តែគណបក្ស BNP បានអះអាងថា សកម្មជនខ្លួនយ៉ាងតិច ៩នាក់បានស្លាប់ និងជាង ៣.០០០នាក់រងរបួស។
គួរបញ្ជាក់ថា គណបក្សជាតិនិយមបង់ក្លាដែស (BNP) និងសម្ពន្ធមិត្តរបស់ខ្លួន បានដឹកនាំធ្វើបាតុកម្មធំៗនៅប៉ុន្មានខែចុងក្រោយនេះ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា ចុះចេញពីតំណែង ហើយបង្កើតរដ្ឋាភិបាលអព្យាក្រិតមួយសំរាប់ត្រួតពិនិត្យការបោះឆ្នោត តែរដ្ឋាភិបាលបដិសេធ។ លោកស្រី ហាស៊ីណា បានដឹកនាំប្រទេសអោយមានកំណើនសេដ្ឋកិច្ចគួរចាប់អារម្មណ៍ ក្នុងការកាន់អំណាចអស់ ១៥ឆ្នាំរបស់លោកស្រី តែក៏ត្រូវបានចោទប្រកាន់ថា ដឹកនាំប្រទេសជាមួយនឹងកណ្តាប់ដៃដែក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា