មន្រ្តីជាន់ខ្ពស់មីន៖ តាមរយៈការងារបោសសម្អាតមីន មានតែស្នាមញញឺម និងសុភមង្គលរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា តាមរយៈការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ ព្រោះលទ្ធផលកើតចេញការបោសសម្អាតមីន គឺប្រជាពលរដ្ឋទទួលបាននូវដីប្រកបដោយសុវត្ថិភាព និងមានជីវភាពរស់នៅល្អប្រសើរជាងមុន។
ឯកឧត្តម លី ធុជ បានលើកឡើងបែបនេះកាលពីពេលកន្លងទៅថ្មីៗនេះ ក្នុងពេលលោកបានទទួលជួបពិភាក្សាការងារជាមួយ លោក Andrew Griffiths ប្រធានក្រុមការងារដោះមីននៃការិយាល័យ FCDO ចក្រភពអង់គ្លេសស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជាក្រោមកម្មវិធីសកម្មភាពមីនសកល (Global Mine ActionProgramme_GMAP)។
ឯកឧត្តម លី ធុជ បានបញ្ជាក់ថា “តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងជាប្រធានអាជ្ញាធរមីន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការគាំទ្រវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ព្រមទាំងបានតាំងចិត្តបន្តចូលរួមជួយដល់កម្ពុជាស្របតាមផែនការគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥»។
ជាមួយគ្នានោះឯកឧត្តម ក៏បានរំលេចឡើងដែរថា ចាប់តាំងពីឆ្នាំ១៩៩៨ ចក្រភពអង់គ្លេស បានចូលរួមគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីន តាមរយៈអង្គការដោះមីន HALO Trust, MAG, NPA និងអង្គការ APOPO ព្រមទាំងបានចូលរួមគាំទ្រដល់ការកសាងសមត្ថភាពដល់មន្រ្តីបុគ្គលិកអាជ្ញាធរមីន ផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ក្រោយសម្រេចគោលដៅឆ្នាំ២០២៥ កម្ពុជានៅតែត្រូវការជាចាំបាច់ចំពោះការចូលរួមពីចក្រភពអង់គ្លេស និងបណ្តាដៃគូដទៃទៀត ក្នុងការដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥»។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ក្នុងនោះផ្ទៃដីប្រមាណ ៧៦ ភាគរយ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកសិកម្ម ដើម្បីចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា។
ជាមួយនឹងកិច្ចខិតប្រឹងប្រែងនេះ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងគ្រាប់ចំនួន ១.៨៨៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៦៣ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាមានមហិច្ឆតាបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ និងផ្ទៃដីមានគ្រាប់បែកចង្កោម ៧២៩ គីឡូម៉ែត្រក្រឡា និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ៥៩៣ គីឡូម៉ែត្រក្រឡា នឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥។
សូមរម្លឹកដែរថា កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅថ្មីៗនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានផ្តល់អញ្ជើញជាអធិបតីប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីនទី១៣ នៅទូទាំងប្រទេស ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា៕
ដោយ៖គឹម យុត្ថារ៉ូ


