សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងមហាផ្ទៃ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យក្រសួងមហាផ្ទៃបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ជាពិសេស យកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
សម្តេចធិបតី បានបន្តថា ក្រសួងមហាផ្ទៃ ដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ដែលដាក់ចេញទៅដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្តដែលមានរដ្ឋបាលក្រោមជាតិ និងនៅជាប់ផ្ទាល់នឹងបញ្ហាតាមមូលដ្ឋាន ។

សម្តេច ថា ពិតណាស់ គោលនយោបាយមិនអាចនៅត្រឹមតែនៅលើក្រដាសប៉ុណ្ណោះ បើសិនជាគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀត នឹងមិនបានទទួលជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួមជាអ្នកសម្របសម្រួល ក្នុងន័យនេះ ក្រៅពីការផ្ដល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យគោលនយោបាយរបស់រដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្ដែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានយកឱកាសនេះថ្លែងកោតសរសើរដល់មន្រ្តីពាក់ព័ន្ធដែលកន្លងទៅ បានធ្វើការងារយ៉ាងសកម្មចុះបង្រ្កាបករណីនានា ដែលបង្កអសន្តិសុខចំពោះមូលដ្ឋាន បំរើប្រជាពលរដ្ឋបានល្អ ។

សូមរំលឹកថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានដូចជា ៖ ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងការឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ