រដ្ឋមន្រ្តីក្រសួងអធិការកិច្ច រំលឹក ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរខេត្តកំពង់ធំ អំពីគោលការណ៍គន្លឹះ ចំនួន៦ចំណុច ដើម្បីអង្គភាពមួយរីកចម្រើន
កំពង់ធំ៖ មានគោលការណ៍ ៦ចំណុច ដែលត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ចជំរុញមន្ត្រីរាជការ មន្ទីរខេត្តកំពង់ធំ អោយអនុវត្តដើម្បីអង្គភាពមួយមាននិរន្តរភាព និងការអភិវឌ្ឍរីកចម្រើន។ ភាពជឿនលឿនទៅមុខដោយរលូនបានអាស្រ័យថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ក្រោមរួមសហការគា្នយ៉ាងស្អិតរមួត។ គោលការណ៍៦ចំណុចនោះរួមមាន៖
ទី១.ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ ទី២.ត្រូវមានទីកន្លែងធ្វើការច្បាស់លាស់ សមរម្យ ទី៣.ត្រូវមានមូលធនមនុស្ស ទី៤.ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរបៀបរបបការងារ (របបប្រជុំ, របបរាយការណ៍, របបចុះពិនិត្យដល់ទីតាំងជាក់ស្ដែង, របបរៀនសូត្រ និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃ ) ទី៥.កត្តាហិរញ្ញវត្ថុ និងទី៦.គឺត្រូវការការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម។
ឯកឧត្តម ហួត ហាក់ បញ្ជាក់ថា បេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃដំបូង នៃអាណត្តិថ្មីនេះ គឺបានបន្តថែរក្សាកេរ្តិ៍តំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ប្តូរឈ្មោះក្រសួងបានដោយជោគជ័យ ដោយកាលពីថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រហស្ថលេខាលើព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងនៅពេលថ្មីៗនេះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក៏បានចេញអនុក្រឹត្យស្តីពីនិមិត្តសញ្ញា និងត្រារបស់ក្រសួងអធិការកិច្ច។
នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ធំ នេះដែរ ឯកឧត្តម ហួត ហាក់ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ទីរ ដែលមានទីតាំងធំទូលាយ និងចេះរៀបចំសោភ័ណភាពបានស្អាត មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ព្រមទាំងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងមន្ទីរ។
សូមបញ្ជាក់ថាពិធីសំណេះសំណាល ធ្វើឡើងនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ ៕






