រថភ្លើង​អណ្តែត​ទឹក​នៅប្រទេសថៃ កំពុងទាក់ទាញភ្ញៀវទេសចរ

​ថៃ៖ អ្នកជិះទូកម្នាក់កំពុងតែឈប់មើលរថភ្លើងដែលពោរពេញទៅដោយភ្ញៀវទេសចរ ឈប់នៅលើស្ពានដែលហាក់ដូចជាកំពុ​ងអណ្ដែតលើផ្ទៃទឹកក្នុងខេត្តឡូបបូរី (Lopburi)។ អ្នកទេសចរជាច្រើនបានថតរូបលេងកម្សាន្ត និងរីករាយជាមួយទិដ្ឋភាពជុំវិញដែលពោរពេញទៅដោយផ្ទៃទឹកដ៏ស្រស់ស្អាត។

គួរដឹងដែរថា ដំណើរផ្សងព្រេងផ្លូវដែកកាន់តែមានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ ដោយសារអ្នកទេសចរហាក់កំពុងតែចង់ស្វែងរកបទពិសោធធ្វើដំណើរប្លែកៗ ក្រៅពីប្រាសាទ និងឆ្នេរដែលមានមនុស្សច្រើនកុះករ។​

កាលពីថ្ងៃសៅរ៍ទី៤ ខែវិច្ឆិកា ផ្លូវដែករដ្ឋរបស់ប្រទេសថៃបានចាប់ផ្តើមបើកដំណើរការជាលើកដំបូង ដោយរត់ចាប់ពីទីក្រុ​ងបាងកកទៅកាន់ទំនប់ប៉ាសាក់ចូឡាសិទ្ធ (Pasak Jolasid) ដើម្បីជាការអបអរដល់ការបញ្ចប់រដូវវស្សា។ គ្រាន់តែដល់ថ្ងៃបើកដំណើរការដំបូង អ្នកដំណើររាប់រយនាក់បានងើបពីព្រឹកព្រលឹមដើម្បីបានឡើងរថភ្លើងនៅស្ថានីយហួឡាំផូ​ង (Hua Lamphong) នៅទីក្រុងបាងកក ដែលជាស្ថានីយមានអាយុកាលជាងមួយរយឆ្នាំមកហើយ។​

ជាការកត់សម្គាល់ ភ្ញៀវ​ទេសចរ​នៅ​ថ្នាក់​ទី​បីនៃរថភ្លើងបាន​ងើប​ចេញ​តាម​បង្អួច ដើម្បី​ថត​រូប​ស្រះ​ឈូក ព្រៃឈើ ​ប្រាសា​ទ និង​វាល​ស្រែ​យ៉ាងស្រស់ស្អាត។ ពួកគេទំនងជាកំពុងរីករាយនឹងទេសភាពស្រស់ស្រាយបែបធម្មជាតិ ហើយអ្នកខ្លះអ​ង្គុ​យមើលជនជាតិថៃដែលតែងខ្លួនមានសក់ពណ៌ប្រផេះ កំពុងឡើងរថភ្លើងនៅឯទីក្រុងអយុធ្យា ដើម្បីលក់អំបោះទេពអ​ប្សរ និងម្ហូបអាហារដូចជាឆាមួយប្រភេទដែលល្បីល្បាញនៅប្រទេសថៃ។

បីម៉ោងកន្លះបន្ទាប់ពីចាកចេញពីទីក្រុងបាងកក រថភ្លើងមួយនេះបានឆ្លងកាត់អាងស្តុកទឹកលើស្ពានជាបន្តបន្ទាប់ ហើយបានឈប់រយៈពេល ២០ នាទីដើម្បីឱ្យអ្នកដំណើរអាចថតផ្ដិតយករូបភាពទេសភាពយ៉ាងស្រស់ស្អាត។ ជាទូទៅ គេអា​ចមើលឃើញគោក្របី​ស៊ីស្មៅ​ក្រោម​ស្ពាន ប៉ុន្តែ​ចាប់ពី​ខែតុលា​ដល់​ខែមករា កម្រិតទឹក​បាននឹងកំពុងឡើង​ខ្ពស់​ធ្វើ​ឱ្យ​មើ​ល​​ទៅ​ដូច​រថភ្លើង​កំពុង​អណ្តែតនៅលើផ្ទៃទឹក។​

អ្នកដំណើរម្នាក់ឈ្មោះថា លោក បារ៉ូ បាននិយាយថា ៖ «ខ្ញុំបានធ្វើដំណើរកម្សាន្ដបែបនេះច្រើនដងមកហើយ ហើយខ្ញុំមា​នគម្រោងនឹងធ្វើដំណើរបីដងទៀតក្នុងរដូវកាលនេះ»។ លោកបានសម្តែងការខកចិត្តដែលដំណើរកម្សាន្តនេះត្រូវបា​នផ្សព្វផ្សាយតែជាភាសាថៃ ដោយមិនមែនជាភាសាអង់គ្លេស ដូច្នេះហើយបានជាមិនសូវមានជនជាតិបរទេសច្រើនទេដែលបានដឹងពីបទពិសោធដ៏ពិសេសមួយនេះ។ លោក​បាន​ពិពណ៌នា​ថា ​វាគឺ​ជា​ឱកាស​ដំណើរកម្សាន្តដ៏អស្ចារ្យមួយដែ​លមនុស្សភាគច្រើនបាន​ខកខានមិនបានមកលេង។​

ក្មេងស្រីវ័យ ១១ ឆ្នាំម្នាក់ឈ្មោះថា លីលី ភិរ៉ាតឆាគិត​ (Lily Piratchakit) បានចែករំលែកនូវការយល់ឃើញរបស់នាងថា​ នាងសប្បាយចិត្តណាស់ដែលអាចមានពេលវេលាល្អៗក្នុងការធ្វើដំណើរប្រចាំថ្ងៃជាមួយម្តាយរបស់នាង ហើយបានឃើ​ញថាទិដ្ឋភាពទឹកគឺស្រស់ស្អាតណាស់ ហើយមើលទៅគឺដាច់កន្ទុយភ្នែកតែម្ដង។ នាងបានប្រាប់ទៅកាន់សារព័ត៌​មា​ន AFP ថា «វាពិតជាអស្ចារ្យណាស់ ហើយក៏ជារឿងមួយដែលល្អក្នុងការដែលយើងអាចធ្វើដំណើរចេញក្រៅខ្លះ ដើម្បីទ​ទួលបានខ្យល់អាកាសបរិសុទ្ធ»។

កញ្ញា វៃ វូ (Wei Wu) អាយុ ២១ ឆ្នាំដែលជានិស្សិផ្លាស់ប្ដូរកម្មវិធីសិក្សាមកពីតៃវ៉ាន់ បានសម្តែងការរំភើបចំពោះការថតរូបនៅលើផ្លូវរថភ្លើង។ នាងបាននិយាយទៅកាន់សារព័ត៌មាន AFP ថា «វាពិតជាឡូយណាស់។ វាជាលើកដំបូងរប​ស់ខ្ញុំដែលបានជិះរថភ្លើងនៅក្នុងប្រទេសថៃ។អ្នកទេសចរភាគច្រើនបានឃើញតែទិដ្ឋភាពធម្មតាៗរបស់ប្រទេសថៃប៉ុណ្ណោះ​»។​

បន្ទាប់មក អ្នកដំណើរមួយចំនួនបានទៅលេងនៅទំនប់ប៉ាសាក់ចូឡាសិទ្ធ និងទទួលទានអាហារ​នៅទីនោះ។ គួរបញ្ជាក់ថា​ ទំនប់​នេះ​ត្រូវបានសាងសង់ឡើងក្នុង​គោលបំណងបម្រើដល់​វិស័យ​កសិកម្ម និង​ការការពារ​ទឹកជំនន់ ហើយ​វា​កំពុង​ក្លា​យជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ពេញ​និយម។ ជាទូទៅ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែក​ទៅ​កាន់ទំនប់​ទឹកនេះ ​មាន​ការ​ពេ​ញ​និយម​ជា​ពិសេស​ចាប់​ពី​ខែ​វិច្ឆិកា​ដល់​ខែ​មករា។​

សម្រាប់កញ្ញា ម៉ែល ដែលមានអាយុ ២៨ឆ្នាំ និងមិត្តប្រុសរបស់នាង បានយល់ឃើញថា រថភ្លើងអណ្តែតទឹកបែបនេះ ធ្វើឱ្យមនុស្សគ្រប់គ្នាអាចសប្បាយរីករាយនឹងទេសភាពផ្ទៃទឹកដោយមិនចាំបាច់ទៅសមុទ្រនោះទេ។ នាងបាននិយាយបែបកំប្លែងថា «ខ្ញុំមិនចូលចិត្តសមុទ្រទេ ប៉ុន្តែមិត្តប្រុសរបស់ខ្ញុំចូលចិត្តវា ។ដូច្នេះហើយបានជាយើងមកទីនេះ»៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia All aboard Thailand’s ‘floating train’

ads banner