កំពង់ស្ពឺ ជាប់ជាខេត្តលំដាប់លេខ២ ដែលមានរោងចក្រ សហគ្រាសច្រើន បន្ទាប់ពីរាជធានីភ្នំពេញ
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសកំពុងដំណើរការច្រើនដោយជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីរាជធានីភ្នំពេញក៏ដោយ ក៏លោកនៅតែស្វាគមន៍ និងបន្តទាក់ទាញអ្នកវិនិយោគឱ្យមកបោះទុនបើករោងចក្រសហគ្រាសបន្ថែមទៀត ដើម្បីបង្កើតការងារជូនពលរដ្ឋ។
ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក និងក្រុមការងារបានចុះទៅទស្សនកិច្ច នៅរោងចក្រផលិតកាបូបយីហោល្បីៗ ដែលឈ្មោះថា ស៊ីគ្លូ ស្ថិតក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ដើម្បីចង់ដឹងពីសុខទុក្ខកម្មករនិយោជិតផង និងដើម្បីជួបពិភាក្សាការងារជាមួយខាងម្ចាស់រោងចក្រ ពីបរិយាកាសវិនិយោគ ក៏ដូចជាស្តាប់ពីបញ្ហាប្រឈមរបស់វិនិយោគិននៃរោងចក្រនេះផងដែរ។
បើតាមលោកអភិបាលខេត្ត រោងចក្រស៊ីគ្លូនេះ មានចំនួនពីរទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ និងមានកម្មក កម្មការិនីកំពុងធ្វើការចំនួន៨ ០០០នាក់ ។បច្ចុប្បន្នកំពុងដំណើរការលើខ្សែច្រវាក់ផលិតកម្មផលិតកាបូបយីហោល្បីៗមានម៉ាកCOACH, KATE, SPADE, MICHAEL, KORS, TORY, BURCH, FOSSIL, និងBRAHMIN សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន ដែលក្នុងមួយខែអាចមានលទ្ធភាពផលិតបានចំនួន៦៦ម៉ឺនកាបូប។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា រោងចក្រ សហគ្រាស នឹងបន្តកើនឡើងថែមច្រើនទៀតនៅដើមឆ្នាំ២០២៤ លើទឹកដីខេត្តកំពង់ស្ពឺ ។បច្ចុប្បន្នខេត្តនេះ មានរោងចក្រ សហគ្រាសប្រមាណ ៣៨៥ កន្លែងកំពុងដំណើរការ និងមានកម្មករ និយោជិតសរុបជាង១៥ម៉ឺននាក់។
ឯកឧត្តមបន្តថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តមិនមានការព្រួយបារម្ភ ខ្លាចគេមិនមកវិនិយោគនៅខេត្តកំពង់ស្ពឺទេ តែបែរជាព្រួយបារម្ភចំពោះបញ្ហាកង្វះកម្មករសម្រាប់បម្រើការងារនៅតាមរោងទាំងអស់នោះទៅវិញ ព្រោះថា បច្ចុប្បន្នខេត្តនៅខ្វះកម្មករជិតមួយម៉ឺននាក់នេះសម្រាប់ឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤កង្វះនេះនឹងអាចកើនច្រើនជាងនេះបន្ថែមទៀត ក្នុងពេលដែលរោងចក្រ សហគ្រាសផ្តើមបើកទ្វារដំណើរការ។
ឯកឧត្តម វ៉ី សំណាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សា ហើយមានបំណងស្វែងរកការងារធ្វើ សូមងាកមកកាន់ខេត្តកំពង់ស្ពឺ ដែលជាតំបន់ឧស្សាហកម្មមានការឈានឡើង ដែលកំពុងត្រូវការអ្នកមានចំណេះ ជំនាញដើម្បីធ្វើការ។
ទាក់ទងនឹងបញ្ហាកង្វះកម្លាំងពលកម្មនេះដែរ លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងដែរថា កន្លងទៅមន្ទីរការងារ បានសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចូលរួមសម្របសម្រួលជាមួយ រដ្ឋបាលស្រុកនានា ប្រជុំផ្សព្វផ្សាយឱកាសការងារជាច្រើនកន្លែង ដែលកំពុងមានតម្រូវការក ម្លាំងពលកម្មនៅក្នុងតំបន់ នឹងស្រង់ស្ថិតិអ្នករកការងារធ្វើក្នុងស្រុក ដើម្បីត្រៀមបើកវេទិកាការងារ នឹងរកការងារជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។
លោកបានឱ្យដឹងថា ៖ «ខេត្តកំពង់ស្ពឺយើងកំពុងមានបញ្ហារឿងកង្វះកម្លាំងពលកម្មនេះ។ កន្លងមកយើងបានសហការជាមួយខាង NEA ជាច្រើនលើក ដើម្បីផ្សព្វផ្សាយពីឱកាសការងារនៅតាមបណ្តារោងចក្រ សហគ្រាសនានានៅខេត្តយើងនេះ។ យើងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពង់ស្វែងរកការងារធ្វើឱ្យចាប់អារម្មណ៍ខេត្តកំពង់ស្ពឺយើង ដែលកំពុងតែមានតម្រូវការកំលាំងពលកម្មខ្លាំង»។
បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ខេត្តនេះមានរោងចក្រចំនួន៣៨៥រោងចក្រ កំពុងបើកដំណើរការ នៅក្នុងនោះវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន១៩១កន្លែងមានកម្មករ និយោជិតសរុបជាង១៤ម៉ឺននាក់ (ស្រីជាង១០ម៉ឺននាក់) ហើយនៅដើមឆ្នាំ២០២៤ខាងមុខ ចំនួននេះនឹងមានការកើនឡើងបន្ថែមទៀត ដែលត្រូវការកម្មករ និយោជិតរាប់ម៉ឺននាក់ដើម្បីធ្វើការ៕
ដោយ៖វណ្ណ សុជាតា
