នៅថ្ងៃស្អែកគណៈកម្មការថ្នាក់ជាតិ នឹងប្រជុំពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតជាង៩០០នាក់

ភ្នំពញ៖ គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងរៀបចំកិច្ចប្រជុំនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ នាទីស្តីការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ០៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។

ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា គណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង០៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះសរុបចំនួន៩០២នាក់ (ស្រី ៦១ នាក់) រួមមានដូចខាងក្រោម៖
១)ពិធីបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា) បញ្ជីទណ្ឌិតចំនួន ៤៦៤នាក់ (ស្រី ៣៤ នាក់) រួមមាន៖ ស្នើសុំបន្ធូរបន្ថយទោស ចំនួន៤៣២នាក់ (ស្រី២៩នាក់)។ ស្នើសុំលើកលែងទោស ចំនួន ៣២នាក់ (ស្រី០៥នាក់)។
២)ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតចំនួន ៤៣៨នាក់ (ស្រី២៧នាក់) រួមមាន៖ ស្នើសុំបន្ធូរបន្ថយទោស ចំនួន៤១៨នាក់ (ស្រី២៦នាក់) និងស្នើសុំលើកលែងទោស ចំនួន២០នាក់ (ស្រី០១នាក់)។
ដោយ៖ពលជ័យ

ads banner