រុស្ស៊ីបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបពីនាវាមុជទឹកនុយក្លេអ៊ែរ ចំពេលភាពតានតឹងអន្តរជាតិកើនឡើង
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃអាទិត្យទី៥ ខែវិច្ឆិកាថា យោធារុស្ស៊ីបានធ្វើបាញ់សាកល្បងនូវមីស៊ីលផ្លោងអន្តរទ្វីប Bulava ចេញពីនាវាមុជទឹកនុយក្លេអ៊ែរ Imperator Alexander III ប្រកបដោយជោគជ័យ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការបាញ់សាកល្បងដ៏ធំនេះ ធ្វើឡើងចំពេលដែលភាពតានតឹងភូមិសាស្រ្តនយោបាយកើនឡើងខ្លាំង ដោយសារតែជម្លោះផ្សេងៗ រួមទាំងសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាសរបស់ប៉ាឡេស្ទីន និងសង្រ្គាមអ៊ុយក្រែនដែលនៅតែបន្តអូសបន្លាយ។
មីស៊ីល Bulava ដែលសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកនិយាយថា រចនាឡើងដើម្បីផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ ៦ គ្រាប់នោះ ត្រូវបានបាញ់ចេញពីទីតាំងក្រោមទឹកក្នុងសមុទ្រស នាឆ្នេរសមុទ្រភាគខាងជើងរបស់រុស្ស៊ី ហើយបានធ្លាក់ចំគោលដៅនៅតំបន់ចុងបូព៌ាកាំចាត់កា (Kamchatka) របស់រុស្ស៊ី ដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីកន្លែងបាញ់។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ីដដែល។
ជាមួយគ្នានេះផងដែរ ក្រសួងនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖ «ការបាញ់មីស៊ីលផ្លោង គឺជាធាតុចុងក្រោយនៃការសាកល្បងរបស់រដ្ឋ បន្ទាប់មកនឹងមានការសម្រេចចិត្តដើម្បីដាក់នាវាចម្បាំងចូលទៅក្នុងកងទ័ពជើងទឹក»។
យោងតាមប្រភពព័ត៌មានរុស្ស៊ី នាវាមុជទឹកនុយក្លេអ៊ែរ Imperator Alexander III គឺជានាវាមុជទឹកនុយក្លេអ៊ែរលំដាប់ទី ៧ នៃថ្នាក់នាវា Russian Project 955 Borei របស់រុស្ស៊ី និងជានាវាមុជទឹកជំនាន់ទី ៤ នៃប្រភេទថ្នាក់នាវា Borei-A ។
ជាធម្មតា នាវាមុជទឹកថ្នាក់ Borei បំពាក់ដោយមីស៊ីលផ្លោងអន្តរទ្វីប Bulava ចំនួន១៦គ្រាប់ ខណៈមីស៊ីលផ្លោងប្រភេទនេះ មានសមត្ថភាពបាញ់បានចម្ងាយជាង ៨ ០០០ គីឡូម៉ែត្រ។
ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ១៩៩៩ មក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបង្កើនការចំណាយលើផ្នែកយោធា ហើយបានស្វែងរកការកសាងឡើងវិញនូវកម្លាំងនុយក្លេអ៊ែរ និងកម្លាំងយោធាធម្មតារបស់រុស្ស៊ី។
នាពេលបច្ចុប្បន្ន ចំពេលមានភាពតានតឹងនៃភូមិសាស្រ្តនយោបាយជាមួយលោកខាងលិច នុយក្លេអ៊ែរបានក្លាយជាបញ្ហាដ៏ក្ដៅគគុកមួយ។ សង្គ្រាមអ៊ុយក្រែន ដែលរុស្ស៊ីបង្កាត់ឡើងនាចុងខែកុម្ភៈឆ្នាំមុន បានបង្កឱ្យមានវិបត្តិដ៏អាក្រក់បំផុតនៅក្នុងទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយលោកខាងលិច ហើយរុស្ស៊ីកន្លងមកបាននិយាយថា ខ្លួនអាចនឹងធ្វើតេស្តគ្រាប់នុយក្លេអ៊ែរឡើងវិញ ជាពិសេសប្រសិនបើសហរដ្ឋអាមេរិកបោះជំហានលើបញ្ហានេះមុន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក គឺទាបជាងសូន្យ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ទំនាក់ទំនងគឺនៅសូន្យ ឬខ្ញុំនឹងនិយាយថា ទាបជាងសូន្យ» ប៉ុន្តែបន្តថា មានបញ្ហាខ្លះដែលមេដឹកនាំនៃប្រទេសទាំង២នឹងត្រូវបន្តទំនាក់ទំនងឡើងវិញ៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Russian nuclear submarine test launches Bulava intercontinental missile