រដ្ឋមន្រ្តីរ៉ែ និងថាមពល បញ្ជាមិនឱ្យមានការចេញអាជ្ញាបណ្ណវាយថ្មទៀតទេ លុះត្រាតែមានការពិនិត្យឡើងវិញសិន

ភ្នំពេញ៖នៅក្នុងកិច្ចប្រជុំក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ (ក្រុម “ញ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីសប្តាហ៍មុនឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានដាក់បទ​បញ្ជាដោយ​ចាប់ពីពេលនេះទៅមិនឱ្យមានការចេញអា​ជ្ញាបណ្ណវាយថ្មទៀតទេ លុះត្រាតែមានការពិនិត្យឡើងវិញសិន។  

សូមជម្រាបថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនរវាងក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ (ក្រុម “ញ”)នេះ រៀបចំឡើ​ងដើម្បីធ្វើការរួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យរ៉ែ និងថាមពល ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាគោល។

នាវេទិកានេះឯកឧត្តម កែវ រតនៈ មានថ្លែង​ថា “រឿងមួយ ដែលសមាគមថ្មគួរតែរីករាយ ហើយប្រទេសយើងគួរតែរីករាយ ដែរនោះ គឺខ្ញុំបានដាក់បញ្ជារួចហើយ គឺមិនឱ្យមានការចេញអាជ្ញាបណ្ណវាយថ្មទៀតនោះទេ លុះត្រាតែមានការពិនិត្យឡើងវិញសិន”។យើងចង់មានការអភិរក្សឱ្យមានតុល្យភាពជាមួយការអភិវឌ្ឍ​។ មានន័យថា ការផ្គត់ផ្គង់ថ្មសំណង់សព្វថ្ងៃនេះ គឺមិនខ្វះទេ​ ហើយខាង​វិស័យ​ឯកជនទទួលស្គាល់ហើយដែរ​ គឺមិនខ្វះទេ! ទោះជាមានតម្រូវការប៉ុន្មាន ​ឯកជនអាចផ្គត់ផ្គង់ក្នុងស្ថិរភា​ព​មួយ គឺមិនថ្លៃពេកនោះទេ»។

ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តីលើកឡើងដែរ​ថា ក្រសួងក៏មិនហាមឃាត់ក្នុងការធ្វើអាជីវកម្មនេះដែរ ព្រោះថាជាសេដ្ឋកិច្ចទីផ្សារសេរី ដូចនេះនៅពេលមានគេការដាក់ពាក្យស្នើសុំ ក្រសួងអាចនឹងមានការអនុញ្ញាត ប្រសិនបើគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា ការគិតគូរដល់បរិស្ថាន, បង់សួយសារអាករ ពន្ធដារបានត្រឹមត្រូវគ្រប់គ្រាន់ជាដើម​។

ប៉ុន្តែទន្ទឹមនឹងការអនុញ្ញាតនេះដែរឯកឧត្តមបានបញ្ជាក់ទៀតថា យើងក៏ត្រូវថ្លឹងថ្លែង ជាមួយនឹងបញ្ហាអភិរក្សដែរ។ លោកមិនចង់ឃើ​ញភ្នំទាំងអស់កញ្ឆតទាំងអស់ទេ។ ភ្នំខ្លះមានតម្លៃប្រវត្តិសាស្រ្ត ភ្នំខ្លះមានតម្លៃវប្បធម៌ ភ្នំខ្លះមានតម្លៃអេកូទេសចរណ៍ ឬមួ​យក៏ការលម្អជាដើម។ បើយើងជិះឡានពីភ្នំពេញទៅព្រះសីហនុ យើងឃើញ​ភ្នំតូច ភ្នំធំកញ្ឆតទាំងអស់។ ថ្មសម្រាប់​ដោះស្រាយបញ្ហាសំណង់ តែយើងមិនចង់ឃើញភ្នំណាក៏ឆែប ។ភ្នំណាក៏កញ្ឆតទាំងអស់នោះទេ។

មូលហេតុនេះហើយឯកឧត្តម កែវ រតនៈ យល់ឃើញថា វាការចាំបាច់ដែលលោក​តម្រូវឱ្យអគ្គនាយកដ្ឋានរ៉ែ ធ្វើកិច្ចការជាមួយមន្ទីររ៉ែ និងថាមពលគ្រប់ខេត្តក្រុង ដោយអាចឈានដល់ការពិគ្រោះយោបល់ជាមួយមន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍។ ដូ​ច​នេះការពិនិត្យឡើងក្នុងរយៈពេល៦ទៅ៧ខែ មុននឹងឈានដល់ការអនុញ្ញាតជាថ្មីនេះ អាចជាការកំណត់ការផ្គត់ផ្គង់មួយក៏ថាបាន ប៉ុន្តែក៏ជាការអភិរក្សមួយ ដែលត្រូវឈានទៅអនុវត្ត។

នៅក្នុងកិច្ចប្រជុំនោះដែរ តំណាងវិស័យឯកជនខាងផ្នែករ៉ែថ្មសំណង់ លោក ហាក់ ប៊ុនថន បានលើកឡើងដែរ​ថា ក្រុមហ៊ុនកា​រដ្ឋានថ្មសំណង់បានបិទទ្វារជាហូរហែ ដោយសារការប្រកួតប្រជែងគ្នាដោយមិនស្មើភាព ដោយសារការកំណត់តម្លៃអប្បបរមាទាបពេក ទោះជាក្រុមហ៊ុន និងខាងសមាគមបានខិតខំដោះស្រាយបញ្ហានេះយ៉ាងណាក៏ដោយនៅតែមិនអាចដោះស្រាយបាន។

លោក ហាក់ ប៊ុនថន បានលើកជាសំណើបែបនេះថា យើងស្នើសុំក្រសួងឱ្យជួយអន្តរាគមន៍ដោយរូបភាពណាក៏ដោយ​។

ចំពោះបញ្ហានេះដែរឯកឧត្តម កែវ រតនៈ បានឆ្លើយតបថា មិនអាចធ្វើតាមការសំណូមពរបានទេ ដោយសារតែជាការប្រកួតប្រជែ​ងទីផ្សារសេរី ហើយវាអាចនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់។

លោកបានបញ្ជាក់ថា នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី គេមិនអាចធានាថ្លៃនោះទេ។ រដ្ឋាភិបាលមានកាតព្វកិច្ច ធ្វើម៉េចឱ្យកា​រ​ប្រកួតប្រជែងនោះ​ ស្មើភាព។ ស្មើភាពនោះគឺ គោរពច្បាប់ដូចគ្នា បង់ពន្ធដូចគ្នា កាតព្វកិច្ចដូចគ្នា។ ក្រុមហ៊ុនក្ស័យធន ដោ​យសារធ្វើមិនបានល្អដូចក្រុមហ៊ុនឯទៀត។ ដូចនេះយើងមិនអាចលូកដៃក្នុងការអន្តរាគមន៍របស់ទីផ្សារសេរីបានទេ។

ឯកឧត្តម កែវ រតនៈ បាន​អះអាងថា សេដ្ឋកិច្ចទីផ្សារសេរីមិនអាចកំណត់ថ្លៃទំនិញបានទេ ប៉ុន្តែរាជរដ្ឋាភិបាលនឹងធ្វើឱ្យទីធ្លាប្រកួតប្រជែង បានស្មើភាពគ្នា៕

ដោយ៖វណ្ណ សុជាតា

ads banner