អាជ្ញាធរខេត្តស្ទឹងត្រែង ណែនាំឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់បណ្ណឆ្លងដែន ងាកមកប្រើប្រាស់បណ្ណព្រំដែនវិញ
ស្ទឹងត្រែង៖អាជ្ញាធរខេត្តស្ទឹងត្រែងបានណែនាំឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់បណ្ណឆ្លងដែនកម្ពុជា-ឡាវ ដោយងាកមកប្រើប្រាស់បណ្ណព្រំដែនវិញដើម្បីកាត់បន្ថយការចំណាយ និងផ្ដល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកាថា ការណែនាំឱ្យប្រើប្រាស់បណ្ណព្រំដែននេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ជាពិសេសផ្ដល់ភាពងាយស្រួលសម្រាប់អាជ្ញាធរក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យអ្នកឆ្លងដែនពីកម្ពុជា-ឡាវ។
លោកបានបន្តថា អាជ្ញាធរខេត្តស្ទឹងត្រែង សូមណែនាំឱ្យប្រជាពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្តនេះ ហើយមានបំណងឆ្លងដែនទៅខេត្តនានានៅក្នុងប្រទេសឡាវ អាចមកស្នើសុំបណ្ណព្រំដែនពីអង្គភាពច្រកចេញតែមួយរបស់ខេត្ត ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ និងរូបថតចំនួនពីរសន្លឹក។
លោក ម៉ែន គង់ បានបន្តថា ការស្នើសុំធ្វើបណ្ណព្រំដែននេះ ចំណាយថ្លៃសេវាត្រឹមតែពីរម៉ឺនរៀលប៉ុណ្ណោះ ប្រជាពលរដ្ឋអាចប្រើប្រាស់បានរយៈពេលពេញមួយឆ្នាំ។ហេតុនេះការផ្លាស់ប្ដូរឱ្យប្រជាពលរដ្ឋពីការប្រើប្រាស់បណ្ណឆ្លងដែន មកជាការប្រើប្រាស់បណ្ណព្រំដែន គឺដោយសារបណ្ណព្រំដែន ធ្វើតែម្ដងអាចប្រើប្រាស់បានរយៈពេលយូរជាងបណ្ណឆ្លងដែន។
អ្នកនាំពាក្យខេត្តដដែលបន្តថា អ៊ីចឹង! បណ្ណព្រំដែនរបស់យើង គឺនឹងផលិតចេញជាប្រព័ន្ធសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយអាយុកាលនៃការប្រើប្រាស់របស់វា គឺយូរជាងបណ្ណឆ្លងព្រំដែន ដូច្នេះប្រជាពលរដ្ឋគាត់មិនចាំចាច់ធ្វើដដែលៗនៅពេលឆ្លងដែនទៅមកពីកម្ពុជា និងឡាវនោះទេ ។
បើតាមលោក ម៉ែន គង់ អះអាងថា មុននឹងមានការជូនដំណឹងពីការប្រើប្រាស់បណ្ណព្រំដែននេះ សម្រាប់ប្រជាពលរដ្ឋដែលមានបណ្ណឆ្លងដែនកន្លងមក ពួកគាត់ក៏នៅតែអាចប្រើប្រាស់សម្រាប់ឆ្លងដែនទៅមកពីកម្ពុជា-ឡាវបានផងដែរ។ ចំពោះប្រជាពលរដ្ឋនៅក្នុងស្ទឹងត្រែង ដែលមានទីលំនៅនៅជាប់ព្រំដែន អាចមកស្នើសុំបណ្ណព្រំដែនដោយផ្ទាល់បាននៅច្រកទា្វរព្រំដែនអន្តរជាតិត្រពាំងក្រៀល ដោយមិនចាំបាច់មកស្នើសុំនៅអង្គភាពច្រកចេញតែមួយរបស់ខេត្តឡើយ។
លោកបន្ថែមថា ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងខេត្តផ្សេង ហើយពួកគាត់មានបំណងចង់ឆ្លងដែនពីកម្ពុជាទៅឡាវ ពួកគាត់មិនអាចស្នើសុំបណ្ណនេះបានទេ ។ដូច្នេះហើយប្រជាពលរដ្ឋនៅខេត្តផ្សេង គឺតម្រូវឱ្យពួកគាត់ប្រើប្រាស់លិខិតឆ្លងដែនដូចធម្មតា។
សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីណែនាំមួយស្ដីពីការជំរុញឱ្យប្រើប្រាស់បណ្ណព្រំដែនកម្ពុជា-ឡាវ និងបញ្ឈប់ការប្រើប្រាស់បណ្ណឆ្លងដែន ដែលក្នុងសេចក្ដីណែនាំនេះ គឺឱ្យប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ដែលចង់ឆ្លងដែនពីកម្ពុជាទៅឡាវ អាចមកស្នើសុំធ្វើបណ្ណព្រំដែន ឬក៏អាចមកផ្លាស់ប្ដូរពីបណ្ណឆ្លងដែន មកជាបណ្ណព្រំដែនបានផងដែរ៕
ដោយ៖ជា សុខនី