មេដឹកនាំគណបក្សនយោបាយចំនួន៧ ថ្កោលទោសក្រុមពួកប្រឆាំងជ្រុលនិយម និងក្រុមអង្គការសង្គមស៊ីវិល បំភ្លៃការពិតទម្លាក់កំហុសដោយចេតនាមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយចំនួន៧ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើការថ្កោលទោសក្រុមពួកប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងក្រុមអង្គការសង្គមស៊ីវិលមួយក្ដាប់តូច បានផ្ដល់បទសម្ភាសតាមរយៈវិទ្យុអាស៊ីសេរី (RFA)បានធ្វើការញុះញង់ លាបពណ៌បំភ្លៃការពិត ទម្លាក់កំហុសដោយចេតនាមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថា ការតែងតាំងសមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការគ្មានប្រយោជន៍ និងបានថាការបន្តអាណត្តិឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នោះជាការចំណាយថវិកាជាតិខ្ជះខ្ជាយឥតប្រយោជន៍ ចំពោះការចោទប្រកាន់នេះ គឺគ្មានការពិតទាំងស្រុង ព្រោះការចូលរួមក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាគោលការណ៍ស្ម័គ្រចិត្ត និងជាសិទ្ធិសេរីភាពកើតចេញពីការសម្រេចចិត្តដោយគ្មានការបង្ខិតបង្ខំដូចក្រុមប្រឆាំងជ្រុលនិយម និងក្រុមអង្គការសង្គមស៊ីវិលមួយក្ដាប់តូច ដែលស៊ីឈ្នួលនយោបាយបម្រើបរទេសលើកឡើងនោះឡើយ។ នេះបើយោងតាមញ្ញត្តិថ្កោលទោសរបស់គណបក្សនយោបាយទាំង៨ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

គណបក្សនយោបាយទាំង៧ រួមមាន៖ គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សខ្មែរអភិរក្ស គណបក្សចលនាប្រជាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្សពន្លឺថ្មី និងគណបក្សខ្មែរសាធារណរដ្ឋ។

នៅក្នុងញ្ញត្តិថ្កោលទោសបានបញ្ជាក់ថា ចំពោះការសម្រេចចិត្តចូលរួមក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាគោលការណ៍ស្ម័គ្រចិត្ត និងជាសិទ្ធិស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ហើយប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពារ របបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម។ ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ រួមសហការគ្នាដើម្បីទប់ស្កាត់ និងកម្ចាត់ចោលនូវនយោបាយជ្រុលនិយមចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដេកចាំ ស៊ីប្រាក់ខែបរទេស យកលុយបរទេស ដែលនឹងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិត ញុះញង់លាបពណ៌ឱ្យខ្មែរបែកបាក់សាមគ្គី ផ្ទៃក្នុងជាតិ ឆ្លៀតបម្រើនយោបាយឱ្យបរទេស ក្នុងគោលដៅដណ្តើមអំណាចតាមរូបភាពដោយខុសច្បាប់ ដែលត្រូវយកផ្តន្ទាទោសដោយគ្មានការលើកលែង។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់ សមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន១៤៥រូប។ ដោយក្នុងនោះមានឋានៈស្មើទេសរដ្ឋមន្ត្រី ចំនួន២៩រូប, ឋានៈស្មើរដ្ឋមន្ត្រីចំនួន២៩រូប, ឋានៈស្មើរដ្ឋលេខាធិការចំនួន២៩រូប, ឋានៈស្មើអនុរដ្ឋលេខាធិការចំនួន២៩រូប និងឋានៈស្មើអគ្គនាយកមានចំនួន២៩រូប៕
ដោយ៖ពលជ័យ

ads banner