នៅតាមទីតាំងសំខាន់ៗនៅទូទាំងរាជធានីភ្នំពេញ និងគ្រប់ដងផ្លូវ បាននឹងកំពុងរៀបចំតុបតែង និងការដាក់ស្លាក ដើម្បីត្រៀមអបអរសាទរ ខួបលើកទី៧០បុណ្យឯករាជ្យជាតិ៩វិច្ឆិកា ១៩៥៣-២០២៣
(ភ្នំពេញ)៖ ខណៈខួបលើកទី៧០បុណ្យឯករាជ្យជាតិ៩វិច្ឆិកា ១៩៥៣-២០២៣ កាន់តែខិតជិតចូលមកដល់ នៅក្នុងរាជធានីភ្នំពេញ សង្កេតឃើញសម្អាតនៅទីតាំងសំខាន់ៗនៃការប្រារព្ធពិធី ហើយមានការរៀបចំតុបតែងលម្អនៅតាមទីសួនសំខាន់ៗ មានវិមានឯករាជ្យ សួនរូបសំណាក់ព្រះបរមរតនកោដ្ឋ នៅតាមដងផ្លូវនានា បានធ្វើការដាក់តាំងបង្ហាញនូវព្រះរាជសកម្មភាពនានា របស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីត្រៀមអបអរសាទរ ខួបលើកទី៧០បុណ្យឯករាជ្យជាតិ៩វិច្ឆិកា ឆ្នាំ២០២៣ និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទផងដែរ ។

ខួបអនុស្សាវរីយ៍នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបួងសួងសុំសេចក្ដីសុខ សន្តិភាព វឌ្ឍនភាព និងចម្រុងចម្រើនថែមទៀតកើតមានដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងសម្តែងនូវការគោរពដឹងគុណចំពោះស្នាព្រះហស្ថដ៏ថ្លៃថ្លា និងមហាសាលក្នុងការស្វែងរកឯករាជ្យជូនជាតិមាតុភូមិ ការការពារបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិ ដែលស្នាព្រះហស្ថទាំងនេះ បានបន្សល់ទុកជាកេរ្តិ៍ដំណែលជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ឱ្យបន្តអភិរក្ស និងអភិវឌ្ឍឱ្យសំបូរសប្បាយអមតៈ។
គួរកត់សម្គាល់ផងដែរថា ៖ ឆ្នាំ២០២៣នេះគឺជាខួបលើកទី៧០ឆ្នាំហើយ ដែលកម្ពុជាទទួលបានឯករាជ្យពេញបរិបូណ៍ពីអាណានិគមនិយមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តាមរយៈការតស៊ូដ៏ស្វិតស្វាញ និងក្លាហានបំផុតក្រោមព្រះរាជ្យកិច្ចដឹកនាំដោយព្រះបរមរតនកោដ្ឋ ៕






ដោយ / គ្រី សម្បត្តិ + ភារ៉ា