ប្រឡងបាក់ឌុបនាព្រឹកថ្ងៃទី២ បេក្ខជនអវត្តមានចំនួន ២ ២៧៥នាក់ មានបញ្ហាសុខភាព ៨១ករណីនិង ៤ករណីមិនអាចបន្តការប្រឡងបាន
(ភ្នំពេញ)៖ក្នុងដំណើរការសំណេរនាថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ពេលព្រឹកមានពីរមុខវិជ្ជាគឺ អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
ក្រសួងអប់រំបានឱ្យដឹងថា៖ក្នុងដំណើរការប្រឡងព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន ២ ២៧៥នាក់ ស្រី ៩២៤នាក់ (ក្នុងនោះបេក្ខជនស្វៃរិន ១ ៨០៤នាក់ ស្រី៧៤៩នាក់) ស្មើនឹង ១,៦៦ភាគរយ មានបញ្ហាសុខភាព ៨១ករណី ដែលក្នុងនោះបេក្ខជនមានបញ្ហាសុខភាពមិនអាច បន្តការប្រឡងបានមានចំនួន០៤ករណីក្រៅ ពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតា។

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកទឹកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
ក្រៅពីនេះនៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ។
គួររំលឹកថាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕








ដោយ ៖ ម៉ាដេប៉ូ