អ៊ីរ៉ង់ចោទថា សហរដ្ឋអាមេរិកកំពុងលើកទឹកចិត្តអ៊ីស្រាអែលឱ្យសម្លាប់ជនជាតិប៉ាឡេស្ទីន
តេហេរ៉ង់៖ មេដឹកនាំអ៊ីរ៉ង់ចោទថា សហរដ្ឋអាមេរិកបានលើកទឹកចិត្តអ៊ីស្រាអែលឱ្យសម្លាប់ និងប្រព្រឹត្តអំពើឃោរឃៅ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។
ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រៃស៊ី បានចោទប្រកាន់ចំៗដាក់សហរដ្ឋអាមេរិកថា បាននឹងកំពុងលើកទឹកចិត្តអ៊ីស្រាអែលឱ្យសម្លាប់ និងប្រព្រឹត្តអំពើសាហាវព្រៃផ្សៃ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។ លោក រៃស៊ី បាននិយាយយ៉ាងដូច្នេះថា យើងជឿថា ការទម្លាក់គ្រាប់បែកគួរតែត្រូវបានបញ្ឈប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន… បទឈប់បាញ់គួរតែត្រូវបានបង្កើតឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ ក៏គួរតែត្រូវបានផ្តល់ជូនដល់ប្រជាជនដែលត្រូវគេជិះជាន់នៅហ្គាហ្សាឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ទៀតថា ឧក្រិដ្ឋកម្មដ៏អាក្រក់ប្រឆាំងនឹង មនុស្សជាតិ គឺជាអំពើប្រល័យពូជសាសន៍ ដែលត្រូវបានប្រព្រឹត្តដោយរបប Zionist (អ៊ីស្រាអែល) ដោយមានការគាំទ្រពីជនជាតិអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប។ លោកថា ជំនួយរបស់អាមេរិកចំពោះរបប Zionist (អ៊ីស្រាអែល) គឺជាការលើកទឹកចិត្តពួកគេឲ្យសម្លាប់ និងប្រព្រឹត្តអំពើខ្វះការគិតពិចារណាដ៏សាហាវឃោរឃៅប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

សូមបញ្ជាក់ថា យោធាអ៊ីស្រាអែលបានវាយប្រហារនៅតំបន់ហ្គាហ្សា ឥតឈប់ឈរទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបើកការវាយប្រហារឆ្លងព្រំដែន ដែលបានបណ្តាលឱ្យមនុស្ស ១,៤០០នាក់បានស្លាប់នៅក្នុងទឹកដីអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល និងចំណាប់ខ្មាំងជាង ២៤០នាក់ត្រូវបានចាប់ខ្លួន។ ចំណែកក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស ក៏បានអះអាងនៅថ្ងៃចន្ទសប្តាហ៍នេះដែរថា ចំនួនអ្នកស្លាប់នៅហ្គាហ្សាបានកើនលើស ១០,០០០នាក់ហើយ ក្នុងនោះមានកុមារជាង ៤,០០០នាក់ផងដែរ៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា