លោកជំទាវ ជូ ប៊ុនអេង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ សិក្ខាសាលាទិវាជាតិអន្តរសាសនានៅវេលាសមស្របណាមួយ
(ភ្នំពេញ) ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ សិក្ខាសាលាទិវាជាតិអន្តរសាសនា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
លោកជំទាវ ជូ ប៊ុនអេង បានថ្លែងនូវមតិស្វាគមន៍ ព្រមទាំងថ្លែងនូវអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់តំណាងមកពីក្រសួងពាក់ព័ន្ធ និងតំណាងអង្គការជាដៃគូរដែលចូលរួមកិច្ចប្រជុំនាពេលនេះ ។

ជាមួយគ្នានោះលោកជំទាវក៏បានលើកឡើងនៅមូលហេតុនៃការលើកពេលចំពោះការរៀបចំសិក្ខាសាលាទិវាជាតិអន្តរសាសនា ដែលគ្រោងរៀបចំនៅថ្ងៃទី២០ ខែសីហាកន្លងទៅ តែដោយរាជរដ្ឋាភិបាលរៀបចំសមាសភាពគណៈរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលថ្មីដែលធ្វើឱ្យការរៀបចំ សិក្ខាសាលាទិវាជាតិអន្តរសាសនា ហួសថ្ងៃកំណត់ ។
លោកជំទាវមានប្រសាស៍ លើកឡើងថាកិច្ចប្រជុំនាពេលនេះ ដើម្បីត្រៀមរៀបចំសិក្ខាសាលាទិវាជាតិអន្តរសាសនានេះ នៅវេលាសមស្របណាមួយ ព្រមទាំងត្រូវត្រៀមលក្ខណៈឱ្យល្អប្រសើរ ស្របតាមបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ស្វែងរកធាតុចូល ការកំណត់រកទិសដៅជាប្រធានបទមួយ សម្រាប់ជាប្រយោជន៍រួមដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហា ការរងគ្រោះនៃអំពើរជួញដូរមនុស្ស។

សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជាកំណត់យកថ្ងៃទី២០ ខែសីហា ជាថ្ងៃប្រារព្ធទិវាជាតិអន្តរសាសនា ការរៀបចំទិវានេះឡើង ដើម្បីបញ្ជាក់ពីភាពសុខដុមរមនាសាសនាទាំងឡាយនៅកម្ពុជា និងបានបង្ហាញពីឆន្ទៈមោះមុតពីថ្នាក់ដឹកនាំ និងបព្វជិតនៃនិកាយសាសនាទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលជាទម្រង់អមនុស្សធម៌មួយនៃការរំលោភបំពានលើសិទ្ធិ សេរីភាព និងកេងប្រវ័ញ្ជលើរាងកាយ សតិបញ្ញា កម្លាំងពលំរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ។
ក្នុងនោះ ជំនឿសាសនា គឺជាផ្នែកមួយនៃការអប់រំខ្ពស់ផ្នែកស្មារតី និងឥរិយាបថក្នុងការរស់នៅឱ្យប្រកបដោយគុណធម៌ មនុស្សមានស្មារតីភ្ញាក់រលឹក ស្គាល់ខុស ស្គាល់ត្រូវ និងខិតខំកសាងខ្លួនឲ្យមនុស្សល្អក្នុងសង្គមបានដោយ ៕



ដោយ-រ៉ាវុធ
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ