មូលហេតុលទ្ធផលប្រកួតកីឡាករ គុនខ្មែរ ព្រុំ សំណាង ស្មើជាមួយ ដាវ លីឌុច ក្នុងជំនួបមិត្តភាពអន្តរជាតិ
(ភ្នំពេញ)៖ ក្នុងជំនួបប្រកួតប្រដាល់មិត្តភាពអន្តរជាតិកាលពីយប់ថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដែលមានកីឡាករប្រដាល់គុនខ្មែរលំដាប់ប្រទេសរបស់កម្ពុជាបានជួបជាមួយកីឡាករប្រដាល់អន្តរជាតិដែលជាងជើងខ្លាំងលំដាប់ល្បីៗនៅលើឆាកអន្តរជាតិ។ ជាលទ្ធផលកីឡាករកម្ពុជា៥គូក្នុងជំនួបដ៏កកម្រើកពិភពកីឡានេះ កីឡាករកម្ពុជាបានយកឈ្នះកីឡាករអន្តរជាតិ៤គូ និងស្មើមួយគូ ។ គូឯកក្នុងជំនួបនេះគឺ រវាងកីឡាករ ព្រំ សំណាង ឈ្មោះពិត រុំ សំណាង ត្រូវប៉ះជាមួយ ដាវ លីឌុច កីឡាករកាណាដាតំណាងក្បាច់គុនប្រទេសមីយ៉ាន់ម៉ា ប្រកួតក្នុងលក្ខខណ្ឌម៉ាស់ហ្វៃគុនខ្មែររុំអំបោះឆៅ។គូឯកនេះលទ្ធផលគឺស្មើគ្នា ខណៈដែលអ្នកទស្សនាឃើញថា កីឡាករ ព្រុំ សំណាង មានរបួសច្រើនលើផ្ទៃមុខ និងហាក់ថមថយកម្លាំងខ្លាំង។
ជុំវិញលទ្ធផលស្មើក្នុងជំនួបគូឯក រវាងកីឡាករ ព្រុំ សំណាង ប៉ះស្តេចប្រដាល់ ដាវ លីឌុច ដែលប្រកួតក្នុងលក្ខខ័ណ្ឌម៉ាស់ហ្វៃរុំអំបោះឆៅនេះ លោក សេន ប៊ុនថេន អតីតកីឡាករប្រដាល់គុនខ្មែរ និងជាមន្រ្តីអាជ្ញាកណ្តាល ចៅក្រម បានបញ្ជាក់ថា “ការប្រកួតក្នុងលក្ខខ័ណ្ឌម៉ាស់ហ្វៃនេះ តាមច្បាប់គេបានកំណត់ឲ្យប្រកួតក្នុងមួយទឹកចំនួន ៩នាទី ប្រកួតគ្មានចៅក្រមដាក់ពិន្ទុឡើយ គឺមានតែអាជ្ញាកណ្តាលតែម្នាក់គត់ រវាងគូប្រកួតទាំងពីរ ប្រសិនបើគ្មានភាគីណាសន្លប់នោះទេ ច្បាប់គេកំណត់ គឺលទ្ធស្មើគ្នា”។
ពាក់ព័ន្ធជាមួយ និងលក្ខខ័ណ្ឌប្រកួត ម៉ាស់ហ្វៃគុនខ្មែររុំអំបោះឆៅនេះ លោក ជួប វត្ថា ពិធីករអត្ថាធិប្បាយប្រដាល់ប្រចាំសង្វៀនស្ថានីយទូរទស្សន៍ថោន បានពន្យល់ថា “បាទបង សម្រាប់ច្បាប់ប្រកួតម៉ាស់ហ្វៃនេះ គឺជាច្បាប់ប្រកួតរបស់ស្ថាប័នប្រដាល់ពិភពលោករបស់ចិន ដែលកម្ពុជាបានសហកាបង្កើតមានការរួមបញ្ចូលគ្នា មានក្បាច់គុនបុរាណខ្មែរ ក្បាច់គុនកុងហ្វូរបស់ចិន និងក្បាច់ចំបាប់ ដែលមានជាស្ថាប័នអន្តរជាតិជាច្រើនបានចូលរួមជាសមាជិករបស់ម៉ាស់ហ្វៃ ក្នុងនោះក៏មានកម្ពុជាមួយផងដែរ។ បើយើងនិយាយទាក់ទិននឹងច្បាប់ប្រកួតម៉ាស់ហ្វៃគេប្រកួតមានហ្គង់តូចស្តើង ប៉ុន្តែដោយសារប្រកួតនេះធ្វើនៅកម្ពុជា ដោយមានកិច្ចសហកាពីស្ថាប័នម៉ាស់ហ្វៃនិងគុនខ្មែររបស់យើងក៏យើងបូកបញ្ចូលប្រពៃណីវប្បធម៌របស់ខ្មែរ ទៅជាការប្រកួតម៉ាស់ហ្វៃអំបោះឆៅតែម្តង ដោយមិនបានយកគំរូតាមប្រទេសណាឡើយ”។
បន្ទាប់ជំនួបការប្រកួតប្រដាល់មិត្តភាពអន្តរជាតិកាលពីថ្ងៃទី៥ ខែ វិច្ឆិកា នៅរាត្រីថ្ងៃទី៦ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះសារនៅលើបណ្ដាញសង្គមតេឡេក្រាមរបស់សម្តេច ដោយលើកឡើងថា លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ អ្វីដែលសំខាន់ គឺកីឡាករ ទាំងអស់ បានប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួត។ សម្ដេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា “កាលពីយប់មិញ ខ្ញុំក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនបានតាមដានការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍ កាលពីយប់មិញ ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនបានតាមដានការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍ TOWN” ។
សម្ដេចធិបតីបន្តថាសូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងស្មារតីកីឡានិងមិត្តភាព ។
សម្ដេច បានបន្តថា លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ។ អ្វីដែលសំខាន់ គឺកីឡាករ ទាំងអស់ ពិតជាបានប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត និងបញ្ចេញនូវបច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួតនោះ ប្រកបដោយស្មារតីមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងប្រកបដោយវិជ្ជាជីវៈ។
ជាពិសេស សម្ដេចបានបង្ហាញមោទនភាពចំពោះកីឡាប្រដាល់គុនខ្មែរ និងកីឡាករខ្មែររបស់យើងគ្រប់រូប ក្នុងនោះរួមមាន៖ កីឡាករ ព្រំ សំណាង (រុំ សំណាង), ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, ផល សោភ័ណ្ឌ, បឺត សង្ឃឹម និង កីឡាករ ឈុត សេរីវណ្ណថង ៕
អត្ថបទ ៖ ជាវ ចន្ធូ