រាជរដ្ឋាភិបាល នឹងបន្ដធ្វើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយកាត់បន្ថយតម្លៃដឹកជញ្ជូន ដែលនឹងជួយឲ្យសេដ្ឋកិច្ចមានការកើនឡើង
(ព្រះសីហនុ)៖ រាជរដ្ឋាភិបាល នឹងបន្ដធ្វើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយកាត់បន្ថយតម្លៃដឹកជញ្ជូន ដែលនឹងជួយឲ្យសេដ្ឋកិច្ចមានការកើនឡើង ។ នេះជាប្រសាសន៍លើកឡើងរវស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង១ម៉ឺន៥ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០២៣ ។
ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រឿងផ្លូវដែកដឹកទំនិញ ឥលូវផ្លូវដែករបស់យើង នាពេលបច្ចុប្បន្ន បើកបានត្រឹម៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប៉ុន្តែយើងត្រូវធ្វើយ៉ាងម៉េច ឲ្យអាចរត់បានល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដឹកទំនិញបានមួយចំនួន ។
សម្ដេច ថា រថយន្តមួយគ្រឿងដឹកបានតែមួយទូ ប៉ុន្ដែមួយរទះភ្លើង អាចដឹកបានទូច្រើន ដែលមានប្រវែងពី១គីឡូ ទៅ ២គីឡូដី ដែលនេះជាយុទ្ធសាស្ដ្រ ក្នុងការបង្កើនការដឹកទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្ដធ្វើហេដ្ឋារចនាសម្ព័ន្ធ ព្រោះថា ហេដ្ឋារចនាសម្ព័ន្ធ វាជួយនៅក្នុងការកាត់បន្ថយ តម្លៃដឹកជញ្ជូន និងជួយឲ្យសេដ្ឋកិច្ច មានការកើនឡើងផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ