លោក ហ្សេលេនស្គី៖ ពេលនេះមិនមែនជាពេលវេលាសក្ដិសមសម្រាប់ការបោះឆ្នោតឡើយ
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទសប្ដាហ៍នេះ បានលើកឡើងថា ក្នុងកាលៈទេសៈបច្ចុប្បន្ន មិនមែនជាពេលវេលាសក្ដិសមសម្រាប់រៀបចំការបោះឆ្នោតនោះឡើយ ខណៈដែលមានការវិភាគជាច្រើនជុំវិញការរៀបចំការបោះឆ្នោតជាតិឆ្នាំ២០២៤ កំឡុងពេលអ៊ុយក្រែនបន្ដប្រយុទ្ធតទល់នឹងរុស្ស៊ី។
គ្រប់ការបោះឆ្នោតទាំងអស់នៅអ៊ុយក្រែនត្រូវបានផ្អាក ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា នេះជាពេលវេលាដែលប្រជាជនអ៊ុយក្រែនត្រូវរួបរួមគ្នា ដើម្បីប្រយុទ្ធតទល់នឹងរុស្ស៊ី ដើម្បីវាសនារបស់ជាតិមាតុភូមិ។ ពេលនេះមិនមែនជាពេលត្រូវគិតគូរពីការបោះឆ្នោតឡើយ។
យ៉ាងណាមិញ សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីពុំមានការវិវត្តច្រើនឡើយ ទោះបីជាអ៊ុយក្រែនទទួលបានសព្វាវុធទំនើបៗពីសម្ព័ន្ធមិត្តក៏ដោយ។ ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ុយក្រែន បានជំរុញឱ្យអ៊ុយក្រែនចូលតុចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្ដែលោក ហ្សេលេនស្គី បានបដិសេធ បើសិនរុស្ស៊ីមិនយល់ព្រមទៅតាមអ្វីដែលអ៊ុយក្រែនបានស្នើសុំ។ លោក ហ្សេលេនស្គី ក៏កំពុងទទួលរងសម្ពាធកាន់តែខ្លាំងនៅពេលដែលមានសង្គ្រាមអ៊ីស្រាអែលចាប់ផ្ដើមឡើង ដោយសង្គ្រាមនេះបានបង្វែរចំណាប់អារម្មណ៍របស់សាធារណជនចេញពីបញ្ហាដែលអ៊ុយក្រែនកំពុងជួបប្រទះ។
គួរបញ្ជាក់ថា ការរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៤នេះ អាចជាបញ្ហាប្រឈមមួយសម្រាប់អ៊ុយក្រែន ដោយសារប្រជាជនជាច្រើនពាន់នាក់ បានភៀសខ្លួនចេញពីប្រទេស ហើយមួយចំនួនទៀតកំពុងប្រយុទ្ធនៅសមរភូមិមុខ។ ម្យ៉ាងទៀត ស្ថានភាពនយោបាយក្នុងប្រទេសរបស់អ៊ុយក្រែនក៏ពុំមានស្ថិរភាពខ្លាំង ស្របពេលដែលរដ្ឋាភិបាលបច្ចុប្បន្នកំពុងព្យាយាមកម្ចាត់អំពើពុករលួយក្នុងស្ថាប័នរបស់ខ្លួន ដោយនេះជាការស្នើសុំរបស់ប្រទេសលោកខាងលិច ជាថ្នូរនឹងការគាំទ្រអ៊ុយក្រែនក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី៕
ប្រភព៖ AFP ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍