គណៈកមា្មធិការទទួលបន្ទុកសិទ្ធិកុមាររបស់ អ.ស.ប កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលស្គាល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ
ភ្នំពេញ៖ ឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសមាជិកគណៈកមា្មធិការទទួលបន្ទុកសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ចំនួនពីររូបគឺ លោកស្រី Ann Skelton និងលោកស្រី Sopio Kiladze ព្រមទាំង លោកបណ្ឌិត Will Parks តំណាងអង្គការ UNICEF នៅទីស្តីការក្រសួង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម អាន សុខខឿន បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) និងកិច្ចប្រឹងប្រែងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំង គណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារ និងអង្គការ UNICEF ដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ រួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអភិវឌ្ឍ សិទ្ធិទទួលបានកិច្ចការពារ និងសិទ្ធិចូលរួម។
ឯកឧត្តមក៏បានលើកឡើងពីសកម្មភាពជាក់ស្តែងដែលកម្ពុជាបានអនុវត្ត និងវឌ្ឍនភាពសំខាន់ៗ ដែលកម្ពុជាសម្រេចបានទាក់ទងនឹងអនុសាសន៍ផ្តល់ដោយគណៈកម្មាធិការ។ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ស្របនឹងគោលបំណងអនុសញ្ញាស្តីពី សិទ្ធិកុមារ។

ចំណែកសមាជិកគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារ និងតំណាងអង្គការ UNICEF បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានទទួលស្គាល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ។ គណៈកម្មាធិការ និងអង្គការ UNICEF បានសន្យាផ្តល់កិច្ចសហប្រតិបត្តិការចំពោះកម្ពុជា ក្នុងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ និងការបំពេញទៅតាមអនុសាសន៍នៃគណៈកម្មាធិការ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចការមួយចំនួន ដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្ត អនុសញ្ញាស្តីពី សិទ្ធិកុមារ និងអនុសាសន៍ដែលបានផ្តល់ដោយគណៈកម្មាធិការខាងលើ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស