សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសានឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមតេឡេក្រាមនាព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា នឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។

កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឱ្យមានបទឈប់បាញ់មួយនៅតំបន់ ហ្រ្គាសា តែត្រូវបានបដិសេធដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង)។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន ខ្ញុំមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៉ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ សម្តេចក៏បានសូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូល៕
ដោយ៖ពលជ័យ

ads banner